ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះក្រុមអត្តពលិក និងប្រតិភូកីឡា របស់បណ្តាប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ឲ្យអធិកអធម និងមានភាពរលូន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះក្រុមអត្តពលិក និងប្រតិភូកីឡា របស់បណ្តាប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាខាងលើនេះ ព្រមទាំងរៀបចំការប្រកួតឱ្យប្រព្រឹត្តទៅដោយរលូន អធិកអធម និងទទួលបានភាពរីករាយជាអតិបរមា ដើម្បីរឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់»។
លើសពីនេះ រាជរដ្ឋាភិបាល ប្រកាសលើកលែងការបង់ថ្លៃសិទ្ធិចូលរួមប្រកួតរបស់អត្តពលិកទាំងអស់ និងផ្តល់ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ដោយឥតគិតថ្លៃចំពោះអត្តពលិក គ្រូបង្វឹក និងប្រតិភូកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ។
រាជរដ្ឋាភិបាល ក៏ប្រកាសផ្តល់សំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ដោយមិនគិតថ្លៃ ជូនដល់ក្រុមអ្នកគាំទ្រអត្តពលិក នៃបណ្តាប្រទេសដែលចូលរួមប្រកួត ដោយកំណត់ចំនួនជាក់លាក់ និងប្រគល់តាមរយៈប្រតិភូកីឡា ដែលតំណាងឱ្យប្រទេសនីមួយៗ។
ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានណែនាំរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលជូន ប្រជាពលរដ្ឋអាចទស្សនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ បានដោយសេរី ដោយត្រូវរៀបចំការផ្សាយបន្តផ្ទាល់ការប្រកួត នៅតាមបណ្ដាទីតាំងសមរម្យក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងត្រូវធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ៕