ព័ត៌មានជាតិ

ការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់ជម្រើសជាតិ កម្ពុជា សម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម មានពលរដ្ឋយ៉ាងច្រើនកុះករ មកទស្សនា មុខសាលាខេត្តកំពង់ចាម

កំពង់ចាម ៖ក្នុងរាត្រីទីមួយ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ នេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជាជិត ២ ម៉ឺន នាក់មកទស្សនាព្រឹត្តិការណ៍ប្រកួត បាល់ទាត់ជម្រើសជាតិ កម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ តាមរយៈកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ នៅលើសួនច្បារមុខសាលាខេត្តកំពង់ចាម ។ 

តាម លោក ស៊ាន សុគន់ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំដាក់ទូរទស្សន៍ខ្នាតធំ (LED) ដើម្បីចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ ពីការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ។ 

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា នារាត្រីទីមួយ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ នេះ មានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយអញ្ជើញចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះយ៉ាងច្រើនកុះករ ប្រមាណជាជិត ២ ម៉ឺននាក់ នៅលើសួនច្បារមុខសាលាខេត្តកំពង់ចាមតែម្ដង ។ 

ប្រភពពីប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ បានបញ្ចេញមតិ ប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយ ដែល រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ ដាក់ទូរទស្សន៍ខ្នាតធំ ឱ្យពួកគាត់បានទស្សនា ជុំគ្នាជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករឲ្យទៀត ដែលប្រកាសនេះធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ ស្រែកហ៊ោកញ្ច្រៀវ ជាពិសេសនៅពេល ក្រុមកីឡាករទាត់បាល់បញ្ចូលទីម្ដងៗ ៕

To Top