ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យ សមិទ្ធផល​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ នៅខេត្តព្រះសីហនុ។

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​កម្រិតស្ដង់ដា​នៅ​ខេត្ដ​ព្រះសីហនុ​ គឺជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន ៣៧ ខ្សែ ,អគារ​ខ្ពស់​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិការដ្ឋ និង​ធនធាន​ក្នុង​ប្រទេស ប្រែក្លាយ​ខេត្ដ​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ដ៏សំខាន់​នៅក្នុង​ប្រទេស​។

ស្ថានីយ​ប្រព្រឹត្ដិកម្ម​ទឹក​កខ្វក់​ចំនួន៣ ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ខេត្ដ​ននេះ។ ស្ថានីយ​នេះ​ធ្វើឡើង​ដោយ​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ MABR ដែលជា​បច្ចេកវិទ្យា​នវានុវត្ដន៍​របស់​អ៊ីស្រាអែល​។ ស្ថានីយ​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​ដើម្បីឱ្យ​ក្រុងព្រះសីហនុ​ក្លាយជា​ទីក្រុង​ទំនើប (Smart- City) នៅក្នុង​ប្រទេស​ផងដែរ​។

ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទី​ ១ ​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្នុង​បរិមាណ ៥ ២០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​ ៣ ​ដែលមាន​ផ្ទៃដី ៣៦៤ ​ហិកតា​ស្ថិតក្នុង​សង្កាត់​លេខ​ ៣​។ ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទី​ ២ ​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្នុង​បរិមាណ​ ៧ ២០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​​ពី​តំបន់​ទី​ ៤ ​ដែលមាន​ផ្ទៃដី​ ៤៨៦ ​ហិកតា​ស្ថិតក្នុង​សង្កាត់​លេខ​ ៣​។ ​ចំណែកឯ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទី​ ៣ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ក្នុង​បរិមាណ ២០ ០០០ ​ម៉ែត្រគុប​ក្នុង ១ ​ថ្ងៃ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​ ៥ ​និង​តំបន់​ទី​ ៦ ​ដែលមាន​ផ្ទៃដី​ ២ ៦៩០ ​ហិកតា ស្ថិតក្នុង​សង្កាត់​លេខ​ ៤ ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ X-WATER TECHNOLOGY CO.,LTD​៕

To Top