ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាងហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខចិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន ។
ក្នុងឱកាសនោះដែរ លោក វ៉ាង ស៊ាងហុង បានសម្ដែងការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះវត្តមាន សម្ដេច ស ខេង និងគណៈប្រតិភូ និងបានជម្រាប ជូនអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និងកម្ពុជា ក្រោមការដឹកនាំរបស់ លោកប្រធានរដ្ឋចិន និងសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ ដ៏ល្អជាមួយកម្ពុជា និងសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចប្រជុំ នាឱកាសនេះ ភាគីទាំងពីរ នឹងកាន់តែធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះ ទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។
សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ រាក់ទាក់ពីសំណាក់ លោករដ្ឋមន្រ្តី និងសហការី និងការផ្ដល់កិច្ច សហការយ៉ាងល្អប្រសើរ ក្នុងការសម្របសម្រូល ដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេច ស ខេង ក៏បានបង្ហាញជំនឿ យ៉ាងមុតមាំថា លទ្ធផល នៃកិច្ចប្រជុំនេះ នឹងរួមចំណែកកាន់តែសកម្ម ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងរឹងមាំ និងស៊ីជម្រៅរវាងភាគីទាំងពីរ។
សូមបញ្ជាក់ថា តបតមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន និងដោយបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្ដេច ស ខេង បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ផ្ដើម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការ សហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខ សាធារណៈចិន ៕