ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលីតាមបែបសាសនា មុនប្រគល់ជូនគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ជូនសម្តេចតេជោ ថ្ងៃស្អែក

ភ្នំពេញ ៖ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលរាជធានីភ្នំពេញ និងលោកស្រី នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី តាមបែបសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន មុនពេលពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២ ឧសភា ស្អែកនេះ ។

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ នឹងមានរៀបចំពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង“បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន និងគោរមងារកិត្តិយស ទីប្រឹក្សាជាន់ខ្ពស់” របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនលោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(ធីតា) នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ពិធីក្រុងពាលីខាងនេះ បានធ្វើឡើង ដោយមានការចូលរួម ពីអភិបាលរងរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលរាជធានី និងមន្ទីរចំណុះឲ្យ រដ្ឋបាលរាជធានីជាច្រើនរូបទៀត។

ពាក់ព័ន្ធកម្មវិធីថ្ងៃ២ ឧសភានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការបញ្ចៀស និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងរមណីយដ្ឋានវត្តភ្នំផងដែរ ពោលគឺមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ចាប់ពីវេលាម៉ោង៥រហូតដល់កម្មវិធីត្រូវបានបញ្ចប់ ៕

To Top