ភ្នំពេញ៖ បន្ទាប់ពីអាក់ខានប្រារព្ធ ចំនួន៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយសារតែវិបត្តិជាសកល នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី ១ខែ ឧសភា ២០២៣នេះ កម្មវិធីសមាជិក ប.ស.ស. ឆ្នើម ២០២៣ បានវិលត្រឡប់ មកវិញ ដែលឈ្មោះដំបូងនៃកម្មវិធីនេះ មានឈ្មោះថាសម្រស់ឯក វាយនភណ្ឌ ដែលត្រូវបាន បង្កើតឡើងក្រោម គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងបានប្រារព្ធ ឡើងចំនួន ៥លើក រួចមកហើយ គឺនៅឆ្នាំ២០១៥, ២០១៦, ២០១៧ , ២០១៨ និងឆ្នាំ២០១៩ ដោយទទួលបានជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹងពីសាធារណជន ជាពិសេសពីសំណាក់ បងប្អូនកម្មករកម្មការិនីរបស់យើង។
ថ្លែងឡើងបែបនេះ ក្នុងឱកាសដែល លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣ នៅសាលសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
លោកបណ្ឌិតរដ្ឋមន្ត្រី ថ្លែងបន្ដថា៖ សមាជិក ប.ស.ស. ឆ្នើម ២០២៣ ឆ្នាំនេះ គឺជាលើកទី៦ ហើយបេឡាជាតិសន្ដិសុខ សង្គម រៀបចំកម្មវិធីនេះឡើង ដែលមានលក្ខណៈទូលំទូលាយជាងមុន នឹងមានការចូលរួម សហការពីសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (TAFTAC) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងធនាគារ ដៃគូ ពាក់ព័ន្ធនានា សំដៅលើកកម្ពស់សិទ្ធិ សមត្ថភាព និងបង្កើតនូវបរិយាកាសសប្បាយ រីករាយ ជូនបងប្អូនកម្មក រកម្មការិនី ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ដើម្បីអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ “សន្ដិភាព ស្ថិរភាព មុខរបរ និងការងារ”។
លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ប.ស.ស. ដែលបាន រៀបចំឱ្យ មានកម្មវិធីដ៏សប្បាយរីករាយ ជាពិសេសក្មួយៗជាបេក្ខជន និងបេក្ខនារីទាំង ៤២រូប ដែលបានឆ្លងមកវគ្គផ្តាច់ព្រ័ត្រ នាពេលនេះ ហើយប្រកួតប្រជែង តែងតែមានជ័យលាភី លេខ១ លេខ២ និងលេខ៣ ទោះបីជាបានទទួលជ័យលាភី ឬមិនបានទទួលជ័យលាភីក្តី ក្មួយៗទាំងអស់ត្រូវមានមោទកភាពថា ខ្លួនពិតជាបានចូលរួម បង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដោយមិនត្រឹមតែពូកែការងារប៉ុណ្ណោះទេ ថែមទាំងមានរូបសម្ផស្សស្រស់ស្អាត និងមានសមត្ថភាពសិល្បៈផងដែរ ជាពិសេសក្មួយៗ បានបង្ហាញពីចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលជាអត្ថប្រយោជន៍ របស់កម្មករនិយោជិត ក្នុងកម្មវិធីនេះផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដែលបានសហការយ៉ាងល្អក្នុងការរៀបចំ និងផ្សាយបន្តផ្ទាល់នាពេលនេះ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំ កម្មវិធីនេះ នៅឆ្នាំក្រោយៗទៀត នឹងសង្ឃឹមថាក្មួយៗ កម្មករកម្មការីនី នឹងបន្តចូលរួមក្នុងកម្មវិធីនេះ កាន់តែច្រើនបន្ថែមទៀត៕