ភ្នំពេញ៖ បន្ទាប់ពីបេក្ខជន បេក្ខនារី បានបងា្ហញទេពកោសល្យ និងបញ្ចេញសមត្ថភាពយ៉ាងស្វាហាប់ ក្នុងកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ សមាជិក ប.ស.ស. ឆ្នើម ២០២៣ គណៈកម្មការបានវាយតម្លៃ ជ្រើសរើសបេក្ខជន បេក្ខនារី ដែលឆ្នើមចំនួន ១០រូប ដែលនឹងក្លាយជាម្ចាស់ជ័យលាភី លេខ១ លេខ២ លេខ៣ និងជ័យលាភីប្រជាប្រិយភាព ដែលទទួលបានពីការពេញចិត្ត នៅលើផេកហ្វេសបុកផ្លូវការ ប.ស.ស. ព្រមទាំងជ័យលាភីថតរូបស្អាត។
ពិធីប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភី នាឱកាសនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជ័យលាភី លេខ១ ដែលក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៦លានរៀល និងលោកស្រី កែវ ណារី អគ្គនាយិកាក្រុមហ៊ុន ណារីស្វីតវីឡាហូថែល និងExplorer B Y S L ក៏បានឧបត្ថម្ភបន្ថែម ៤លានរៀល ដល់ម្ចាស់ជ័យលាភីលេខ១ ផងដែរ ចំណែកម្ចាស់ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៥លានរៀល ម្ចាស់ជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៤លានរៀល ម្ចាស់ជ័យលាភីប្រជាប្រិយភាព ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល និងម្ចាស់ជ័យលាភីថតរូបស្អាត ទទួលបានថវិកាចំនួន ២លាន ៥សែនរៀល ដោយឡែកចំពោះប្អូនៗ ដែលពុំជាប់ជ័យលាភី ក៏ទទួលបានថវិកា ក្នុងមា្នក់ចំនួន ៦សែនរៀល ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានផ្ដល់កិត្តិយសប្រគល់ជូន នូវលិខិតថ្លែងអំណរគុណ ជូនចំពោះដៃគូសហការរៀបចំ និងធនាគារដៃគូដែលបានឧបត្ថម្ភ ក្នុងកម្មវិធីសមាជិក ប.ស.ស. ឆ្នើម២០២៣ នេះផងដែរ។
សូមបញ្ជាក់ជូនថា៖ បេក្ខជន-បេក្ខនារីដែលជាម្ចាស់ជ័យលាភី សមាជិក ប.ស.ស. ឆ្នើម ឆ្នាំ២០២៣នេះ រួមមាន៖
- សម្រាប់បេក្ខជន៖
- ជ័យលាភីលេខ១ បានទៅលើបេក្ខជន ឃុត ចាន់ថេង ពាក់ស្លាកលេខ៣ មកពីខេត្តកំពង់ស្ពឺ
- ជ័យលាភីលេខ២ បានទៅលើបេក្ខជន ចក សុជាតិ ពាក់ស្លាកលេខ៤ មកពីខេត្តសៀមរាប
- ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ភ័ណ្ឌ ផល្លា ពាក់ស្លាកលេខ៩ មកពីខេត្តកំពង់ចាម
- ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខជន ភុំ សុធា ពាក់ស្លាកលេខ២ មកពីខេត្តបន្ទាយមានជ័យ
- ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខជន ម៉េង ពន្លឺ ពាក់ស្លាកលេខ១៤ មកពីខេត្តតាកែវ
- សម្រាប់បេក្ខនារី៖
- ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ឆោម វាសនា ពាក់ស្លាកលេខ១៨ មកពីខេត្តព្រះសីហនុ
- ជ័យលាភីលេខ២ បានទៅលើបេក្ខនារី អ៊ួន ផារី ពាក់ស្លាកលេខ៨ មកពីខេត្តស្វាយរៀង
- ជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ប៊ុន ស្រីណុច ពាក់ស្លាកលេខ១ មកពីខេត្តកំពង់ឆ្នាំង
- ជ័យលាភីប្រជាប្រិយភាព បានទៅលើបេក្ខនារី ម៉ៅ ផល ពាក់ស្លាកលេខ៧ មកពីខេត្តតាកែវ
- ជ័យលាភីថតរូបស្អាត បានទៅលើបេក្ខនារី ហូ អេនី ពាក់ស្លាកលេខ១៥ មកពីខេត្តព្រះសីហនុ ៕







