ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១ ឧសភា លោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ បានគាំទ្រ ឲ្យមានការហោះហើរត្រង់ពីនេប៉ាល់ មកកម្ពុជា ដើម្បីនាំមកទេសចរណ៍ និងបង្កើនទំនាក់ទំនងខាងវប្បធម៌ និងសាសនា។

នាឱកាសនោះ ប្រធានរដ្ឋសភានេប៉ាល់គូសបញ្ជាក់ថា «គាំទ្រឲ្យមានការហោះហើរត្រង់ពីប្រទេសនេប៉ាល់មកប្រទេសកម្ពុជា ដើម្បីនាំមកនូវទេសចរណ៍ និងបង្កើនទំនាក់ទំនងខាងវប្បធម៌និងសាសនា និងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសទាំងពីរ ពីព្រោះថា ប្រទេសទាំងពីរ មានអ្នកគោរព ប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា មានវត្តអារ៉ាម ប្រាង្គប្រាសាទ និងទីកន្លែងសក្ការៈជាច្រើន សម្រាប់គោរពប្រតិបត្តិ ខាងព្រះពុទ្ធសាសនា»។

ប្រធានរដ្ឋសភានេប៉ាល់បន្ដថា ទន្ទឹមនឹងនោះ ប្រទេសទាំងពីរ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិកាផ្សេងទៀត ដូចជា វិស័យអប់រំ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់វិបុលភាព សម្រាប់ប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក របស់ថ្នាក់នាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ ដែលបានរួមចំណែកដ៏សំខាន់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ៕


