ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំលើកទី១០ នៃព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផល នៃការបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២ ឧសភា នេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម មានគោលបំណងបង្កើតក្របខ័ណ្ឌគតិយុត្ត និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរបស់ប្រជាជនរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការ និងទំនាក់-ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និរន្តរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញ តាមរយៈការផ្តល់ ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ ដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យជីវភាព របស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែន កម្ពុជា-វៀតណាមមានភាពប្រសើរឡើង។
សូមរំលឹកថា ក្នុងកិច្ចប្រជុំលើកទី១០ នៃព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹទ្ធសភា ក៏បានអនុម័តទាំងស្រុងចំពោះ លើសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ ព្រមទាំង សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ៕
