ព័ត៌មានជាតិ

ទូតមហាអំណាច៣ អំពាវនាវ ឱ្យបន្តគោរព សិទ្ធិសេរីភាពអ្នកសារព័ត៌មាន

ភ្នំពេញ៖​ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ប្រមុខការទូតមហាអំណាច៣ អាមេរិក បារាំង និងជប៉ុន បានអំពាវនាវ និងស្នើឱ្យអាជ្ញាធរប្រទេសកម្ពុជា បន្តលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ដែលកំពុងបេសកកម្មផ្សព្វផ្សាយព័ត៌មាន ដោយគ្មានការរើសអើង រឺការគំរាមកំហែង។

កម្មវិធីដែលមានរយៈពេល១ម៉ោងនេះ ត្រូវបានប្រារព្វធ្វើឡើង នៅមុខផ្ទាំងគោរពវិញ្ញាណក្ខ័ន្ធអ្នកសារព័ត៌មាន ដែលស្លាប់ក្នុងសម័យសង្រ្គាម (១៩៧០ ដលើ១៩៧៥) នៅសួនច្បារទល់មុខស្ថានទូតបារាំង ប្រចាំកម្ពុជា ហើយសហការរៀបចំដោយស្ថានទូត​បារាំង និងអាមេរិក ប្រចាំកម្ពុជា​ ដោយមានវត្តមានពីសំណាក់អគ្គរដ្ឋទូតជប៉ុន និងលោកស្រី អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប​ប្រចាំកម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូត Pellet, ឯកអគ្គរដ្ឋទូត Murphy និងឯកអគ្គរដ្ឋទូត Ueno មើលឃើញពីតួនាទីដ៏​សំខាន់​នៃសារព័ត៌មានសេរី នៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គណនេយ្យ​ភាព និងតម្លាភាព។

លោក ប្រាទិច មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងអំពីតួនាទីដ៏មានសារៈសំខាន់មិនអាច​ខ្វះបាន ចំពោះសេរីភាពអ្នកសារព័ត៌មាន ក្នុងការពំានាំនូវព័ត៌មានពិត ជូនដល់សង្គមជាតិ និងមិនត្រូវរងការគំរាមកំហែង រឺការរិតត្បិតនោះឡើយ។ «ក្នុងពេលដែលយើងរម្លឹកដល់អ្នកសារព័ត៌មានដ៏ក្លាហាននៅទី​នេះ និងនៅជុំវិញពិភពលោក យើងសូមសម្តែងការគាំទ្រ ចំពោះសេរីភាពសារព័ត៌មាន ហើយឈរ​នៅជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលស្វែងរកការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។

ជាមួយគ្នានេះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងផងដែរថា ទីវាសេរីភាពសារព័ត៌មាន​តែងតែត្រូវបានប្រារព្វជារៀងរាល់ឆ្នាំ​នាថ្ងៃទី​៣ឧសភា ដើម្បីរំលឹកដល់អ្នកសារព័ត៌មាន ក្នុងបុព្វេហេតុសេរីភាព ។ លោក ក៏សូមអំពាវនាវ ឱ្យអាជ្ញាធរ បន្តចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន ដើម្បីធានានូវវឌ្ឍនភាពសង្គមជាតិទាំងមូល។

ឯកអគ្គរដ្ឋទូត Pellet មានប្រសាសន៍ថា ៖ «សេរីភាពសារព័ត៌មាន គឺជាសសរស្តម្ភ​មួយនៃសង្គមប្រជាធិបតេយ្យ។ វាតម្រូវឲ្យរដ្ឋាភិបាល មានការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ហើយធានាថា ប្រជាពលរដ្ឋ អាចទទួលបានព័ត៌មានដោយត្រឹមត្រូវ និងមិនលម្អៀង”។

លោកឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា អ៊ូអិណុ អាត់ត្សឺស៊ី ក៏បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនផងដែរថា ​ ទិវាសេរីភាពសារព័ត៌មាន គឺដើម្បីរំលឹកដល់អ្នកសារព័ត៌មាន ដែលបានបូជាជីវិត កម្លាំងកាយ​ចិត្ត ដើម្បីបុព្វហេតុសេរីភាព ជាពិសេសកិច្ចខិតខំប្រឹងប្រែង ក្នុងផ្តល់ព័ត៌មានជូនសាធារណជន។ លោកបន្តថា «សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋាន​នៃសង្គមប្រជាធិបតេយ្យសេរី»។

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ក៏បានលើកឡើង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ផ្លូវការរបស់ខ្លួនដែរថា “សូមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក នៅកម្ពុជា! ថ្ងៃ​នេះ យើងអបអរគោលការណ៍គ្រឹះ​នៃសេរីភាពផ្នែកសារព័ត៌មាន និងតួនាទីដ៏សំខាន់​របស់អ្នកសារព័ត៌មាន នៅក្នុងការជំរុញតម្លាភាព គណនេយ្យ​ភាព និងលទ្ធិប្រជាធិបតេយ្យ។ យើងសូមអរគុណ​ចំពោះការខិតខំ និងការប្តេជ្ញាចិត្ត​របស់អ្នកសារព័ត៌មាន​នៅកម្ពុជា និង​នៅជុំវិញពិភពលោក ដែលធ្វើការដោយមិនគិតការនឿយហត់ ដើម្បីនាំមកនូវព័ត៌មានមានតម្លៃ​ ដល់ទស្សនិកជនរបស់គេ”។

(ពីឆ្វេងទៅស្តាំ) លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល លោក ប្រាទិច មើហ្វី ឯកអគ្គរដ្ឋទូតសរអ និងលោក ជាង សុផេង អ្នកយកព័ត៌មានអាមេរិក AP ប្រចាំកម្ពុជា
(ពីឆ្វេងទៅស្តាំ) លោក ស៊ុយ សែ អ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានបារាំង AFP ប្រចាំកម្ពុជា លោក សយ សុភា និពន្ធនាយកសារព័ត៌មានដើមអម្ពិល លោក ប្រាទិច មើហ្វី ឯកអគ្គរដ្ឋទូតសរអ និងលោក ជាង សុផេង អ្នកយកព័ត៌មានអាមេរិក AP ប្រចាំកម្ពុជា
To Top