ភ្នំពេញ៖ លោក Mahyeldi Ansharullah អភិបាលខេត្តសូម៉ាត្រាខាងលិច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទៅធ្វើបាឋកថា នៅសាកលវិទ្យាល័យជាតិប៉ាដាង ដែលមាននិស្សិតប្រមាណ៣ពាន់នាក់ នៅចាំស្ដាប់។
ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ នាថ្ងៃ២ ឧសភា លោក Mahyeldi Ansharullah បានគោរពសម្ដែងនូវការ អរគុណជូនចំពោះសម្ដេចតេជោដែលបានយល់ព្រមទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ ពីសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាង ។
លោកមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិប៉ាដាង ពិតជាមានកិត្តិយសហើយបានគោរព សម្ដេចតេជោថា សាកលវិទ្យាល័យជាតិប៉ាដាងរហូតមកដល់ពេលនេះ ទើបជូនសញ្ញាបត្របណ្ឌិតកិត្តិយសដល់ឥស្សរជនជាន់ខ្ពស់ចំនួន ៤នាក់តែប៉ុណ្ណោះ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំកំពូល ឆ្លងកាត់បទពិសោធន៍ និងចូលរួមចំណែកយ៉ាងធំធេង មិនត្រឹមតែនៅក្នុងសង្គមជាតិទេ ប៉ុន្តែនៅក្នុងពិភពលោកផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ លោក Mahyeldi Ansharullah បានសុំគោរពអញ្ជើញសម្ដេចតេជោ ដើម្បីទៅធ្វើបាឋកថា នៅសាកលវិទ្យាល័យជាតិប៉ាដាង ដែលមាននិស្សិតប្រមាណ៣ពាន់នាក់ នៅចាំស្ដាប់។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក Mahyeldi Ansharullah ហើយបានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជាតិប៉ាដាងដ៏ល្បីល្បាញ។
សម្ដេចតេជោ បានជម្រាបជូនលោកថា នឹងពិនិត្យមើលកម្មវិធីជាក់ស្ដែង ដើម្បីទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរផងដែរ ៕