ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។
ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត ខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជា មហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃ ព្រះសម្ពុទ្ធបរមគ្រូ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន
-ប្រសូត
ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវទហៈ នាវេលាថ្ងៃត្រង់ ។
ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាងកើតក្នុងថ្ងៃនោះដែរគឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំង បួន១ ។
-អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រ មួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុងព្រះជន្ម គំរប់២៩ព្រះវស្សា ។
-សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។
-ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពោធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។
-សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖
១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
-បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើម ពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិតជា ធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែលចែកជា ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។
អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែវិសាខនេះ ទុកជាពិធី ធ្វើសក្ការបូជា ជាដរាបរៀងរាបមកទល់គ្នា នឹងសម័យបច្ចុប្បន្ននេះ ៕ អត្ថបទដកស្រង់ពីវេបសាយ ៥០០០ឆ្នាំ