ព័ត៌មានជាតិ

គណៈសង្ឃកម្ពុជា ចាត់ទុកសង្ឃ ប៊ុត ប៊ុនតិញ មិនមែនជាអ្នកបួសពិតប្រាកដ គឺជាបុគ្គលទ្រុស្ដសីល និងក្លែងបន្លំក្នុងសាសនា

ភ្នំពេញ ៖ គណៈសង្ឃនាយកកម្ពុជាបានប្រកាសថា បុគ្គល ប៊ុត ប៊ុនតិញ មិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។

ការលើកឡើងបែបនេះ របស់គណៈសង្ឃនាយកកម្ពុជា ក្រោយបុគ្គល ប៊ុត ប៊ុនតិញ បានបកស្រាយតាមបណ្តាញ សង្គមហ្វេសប៊ុក ក្នុងន័យមួលបង្កាច់ បន្ទុះបង្អាប់កិត្តិយស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបកប្រែខុស អត្ថន័យខ្លឹមសារ នៃបរិបទភាសាបាលី លើគោរម្យងារ«ពុទ្ធមាមកាភិបាល» ទាំងស្រុង ដែលសម្តេចទទួលពីអង្គការ ពុទ្ធសាសនិកពិភពលោក កាលពីថ្ងៃ២ ខែឧសភា ឆ្នាំ២០២៣ ។ អង្គការពុទ្ធសាសនិកពិភពលោកដែលមានសមាជិកអ្នកកាន់ពុទ្ធសាសនា៥៥ប្រទេស បានប្រគល់ជូនគោរមងារកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះសម្តេចតេជោ មានឈ្មោះថា «ពុទ្ធមាមកាភិបាល» ដែលព្រះសង្ឃ និងមហាពុទ្ធបរិស័ទ ក្នុងពិភពលោកសម្តែងនូវអំណរសាទរ និងអនុមោទនា ចំពោះការទទួលបាននូវគោរម្យ៍ងារ ពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានេះ ។

យោងតាមសេចក្ដីថ្លែងការណ៍គណៈសង្ឃពុទ្ធសាសនាកម្ពុជា នាថ្ងៃ៣ ឧសភា បានឲ្យដឹងថា បុគ្គល ប៊ុត ប៊ុនតិញ នេះជាទុព្វចជាតិកបុគ្គល (បុគ្គលរបឹងរឹងរូសជាអ្នកប្រដៅក្រ) យល់ខុសដោយខ្លួនឯង ឆ្កួតដោយខ្លួនឯង មានភាពល្ងង់ខ្លៅខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ខ្វះចំណេះដឹងផ្នែកភាសាបាលី បានជាហ៊ានលើកឡើងផ្តេសផ្តាស និងបកស្រាយខុសទាំងងងឹតងងុល។

ផ្អែកលើមូលដ្ឋាននេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជា ប្រកាសជាចំហរ និង ដាច់អហង្ការថា «បុគ្គល ប៊ុត ប៊ុនតិញ នេះមិនមែនជាអ្នកបួស ពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗគ្រប់រូបភាព»។

គណៈសង្ឃពុទ្ធសាសនាកម្ពុជា មិនទទួលស្គាល់បុគ្គលនេះ ជាបព្វជិតតទៅទៀតឡើយ ដោយចាត់ទុកបុគ្គលនេះ នៅក្រៅសហគមន៍សង្ឃខ្មែរ ចាប់ពីពេលនេះតទៅ ព្រោះបុគ្គល ប៊ុត ប៊ុនតិញនេះធ្លាប់បានប្រមាថកាតទៀន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ និងព្រះមហាថេរផ្សេងៗ ទៀតព្រមទាំងថ្នាក់ដឹកនាំប្រទេស មានសម្ដេចតេជោជាដើម ៕

To Top