ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវ នាថ្ងៃទី៤ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យភាគីទាំងពីរ កម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឲ្យបានកាន់តែច្រើនឡើងថែមទៀត ។
ក្នុងជំនួបនោះដែរលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋឡាវ បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញលោក មកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេម នៅ កម្ពុជា។ ដោយលោកមានជំនឿជឿជាក់ថា កម្ពុជានឹងទទួលបានជោគជ័យ និងទទួលបានមេដាយមាសច្រើន។
លោក ថងលុន បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យសន្តិសុខ រួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុនានា។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោក ថងលុន បានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេមនៅកម្ពុជា ។
សម្ដេចតេជោ ក៏បានឯកភាពជាមួយលោក ថងលុន លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ លើសពីនោះទៅទៀត សម្ដេចតេជោ ក៏បានស្នើសុំភាគីទាំងពីររួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរកាន់តែច្រើនឡើងថែមទៀត ៕




