ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ឡាវ នឹងខិតខំអនុវត្តនូវកិច្ចព្រមព្រៀង ដើម្បីឈានទៅសម្រេចឱ្យបាននូវការបោះបង្គោលព្រំដែនទាំងស្រុង ព្រមទាំងប្រែក្លាយព្រំដែននៃប្រទេសទាំងពីរឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ។
នាឱកាសអញ្ជេីញទទួលជួបសវនាការជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ សម្តេច ប្រធានព្រឹទ្ធសភា បានប្រាប់ប្រធានរដ្ឋឡាវ ថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានព្រះរាជក្រឹត្យផ្តល់សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ” រួចហើយ។
សម្តេច សង្ឃឹមយ៉ាងមុតមាំថា “រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងខិតខំអនុវត្តនូវកិច្ចព្រមព្រៀងនេះ ដើម្បីឈានទៅសម្រេចឱ្យបាននូវការបោះបង្គោលព្រំដែនទាំងស្រុង ដើម្បីប្រែក្លាយព្រំដែននៃប្រទេសទាំងពីរឱ្យទៅជាព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅទាំងជំនាន់នេះ និងទៅជំនាន់តទៅមុខទៀត”។
សម្តេច ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា នាពេលកន្លងទៅ ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តទាំងស្រុងនូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នារវាងប្រទេសទាំងពីរ ហើយលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។សម្ដេច ថា កម្ពុជាជានិច្ចកាលចាត់ទុកប្រទេសឡាវជាដៃគូល្អ ជាមិត្តល្អ ជាបងប្អូនល្អ និងជាអ្នកជិតខាងល្អ ហើយត្រៀមគ្រប់លក្ខណៈសម្បត្តិបន្តជួយគាំទ្រគ្នាទៅវិញទៅមកក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
នាឱកាសនោះលោក ប្រធានរដ្ឋឡាវ បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ កាលពីពេលថ្មីៗនេះ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាចំពោះការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលសម្រេចបាន៨៦% ហើយនឹងបន្តការងារនេះឲ្យបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោក ថា “នេះជាបុព្វហេតុដ៏មានសារសំខាន់ណាស់ ដើម្បីធ្វើឲ្យខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ មានស្ថិរភាព និងទុកជាកេរ្តិ៍មរតកដល់មនុស្សជំនាន់ក្រោយ”៕