ព័ត៌មានជាតិ

គោឧសភរាជ បរិភោគពោត សណ្ដែក និងស្រូវច្រើនជាងគេ

ភ្នំពេញ ៖ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ធំ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ គោឧសភរាជ បានបរិភោគពោត សណ្ដែក និងស្រូវច្រើនជាងគេ ក្នុងចំណោមអាហារចំនួន ៧មុខ មានស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និងស្រា ។

តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ បានឲ្យដឹងថា គោឧសភរាជបានបរិភោគពោត សណ្តែក និងស្រូវបាន៩៥ភាគរយ មានន័យថា ទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ គឺមានដំណាំពោត សណ្តែក និងស្រូវ នឹងទទួលបានផលច្រើន ។

សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់បុណ្យព្រះនង្គ័លនៅឆ្នាំនេះ បានប្រារព្ធឡើងនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះកុរណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២ នឹមទៀតដែលសម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺ ពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហម ដោយអន្លើៗឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។

ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឲ្យបរិភោគផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឲ្យបរិភោគរបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ ៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្ដបរិភោគអ្វី ក៏បរិភោគទៅគេមិនបង្ខំឲ្យបរិភោគ ចំពោះអាហារណាមួយៗទេ កាលព្រះគោបរិភោគអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូល ទៅខាងមុខតាមនោះប្រកាសផ្សាយ ៕

To Top