ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ចែកកាតាបដល់សិស្សានុសិស្ស និងប្រគេនអង្ករ ៥០០គីឡូក្រាម និងបច្ច័យមួយចំនួន ដល់វត្តមុនីសាលា (ហៅវត្តឡ) ក្រុងស្វាយរៀង

ស្វាយរៀង៖ លោកប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងលោក​ YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន​​នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចែក កាតាបដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្វាយតឿ ក្រុងស្វាយរៀង និងប្រគេនអង្ករចំនួន ៥០០ គីឡូក្រាមនិងប្រគេនបច្ច័យ មួយចំនួនដល់វត្តមុនីសាលា ហៅវត្តឡ។

ពិធីចែកកាតាបដល់ សិស្សានុសិស្សនិងប្រគេនអង្ករ បច្ច័យដល់វត្តមុនីសាលានេះដែរ ក៏មានការចូលរួមពីលោកសរ សុដានីអភិបាលរងក្រុងស្វាយរៀង លោកនាយករដ្ឋបាលសាលាក្រុង ព្រមទាំងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។

លោកប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង បានថ្លែងនូវការផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិតមែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងលោកម៉ែន វិបុលអភិបាលខេត្ត ដែលសម្ដេចនិងលោកអភិបាលខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយទីណាមានការលំបាកនោះ សម្ដេចនិងលោកអភិបាលខេត្តតែងតែ ចាត់ឲ្យក្រុមការងារចុះជួយ បានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះលោកប៉េង ពោធិ៍ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឬស្សី នៃប្រទេសជាតិដ៏រឹងមាំផងដែរ។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដោយមានរោងចក្រ សហគ្រាសនៅខេត្តស្វាយរៀងប្រមាណជាង ២០០កន្លែង ដែលអាចស្រូបយកកម្មករ កម្មការិនី ប្រមាណជិត ១០ ម៉ឺននាក់បម្រើការងារ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសឈី លូ ដែលមានក្រុមហ៊ុនសៃលុនផលិត សំបកកង់រថយន្តខ្នាតអន្តរជាតិ បានធ្វើឲ្យកម្មកររាប់រយនាក់មានការងារធ្វើ និងមានប្រាក់ចំណូលទៀងទាត់ជាប្រចាំខែផងដែរ។

លោកបានបន្តថា សាលារៀនក៏បានមកនៅខិត ជិតផ្ទះរបស់សិស្សានុសិស្ស ហើយសម្រាប់ខេត្តស្វាយរៀង សាលារៀនរាប់រយខ្នងមានទាំងសាលាមត្តេយសិក្សា រហូតដល់សាកលវិទ្យាល័យ ដែលធ្វើឲ្យវិស័យធនធានមនុស្សពីរមួយថ្ងៃ ទៅមួយថ្ងៃកាន់តែរីកចម្រើន ប្រាក់ចំណូលរបស់ពលរដ្ឋកាន់តែកើនឡើង ធ្វើឲ្យជីវភាពពលរដ្ឋខេត្តស្វាយរៀង មានការរីកចម្រើនពូធាបានមួយកម្រិតថែមទៀត។

នៅក្នុងឱកាសនោះដែរ ដើម្បីផ្សារភ្ជាប់ និងវិស័យព្រះពុទ្ធសាសនាលោក ប៉េង ពោធិ៍សា និងលោក ហែម ពិសិដ្ឋ ព្រមទាំងគណៈប្រតិភូក្រុមហ៊ុនសៃលុន និងលោកអភិបាលរងក្រុងស្វាយរៀង ក៏បាននាំនូវអង្ករចំនួន ៥០០គីឡូក្រាមនិងថវិកាមួយចំនួនប្រគេន ដល់ព្រះសង្ឃនៅវត្តមុនីសាលាផងដែរ ៕

To Top