SEA GAME

សម្តេចតេជោ អំពាវនាវឲ្យលោក សៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីអំពាវនាវឲ្យនាយឧត្តមសេនីយសៅ សុខា បន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តទៅទៀត ។

ការចេញអំពាវនាវរបស់សម្តេចតេជោនេះ តាមរយៈសារជាសំឡេង៦នាទីជាង នារសៀលថ្ងៃទី៨ ឧសភា ក្រោយនាយឧត្តមសៅ សុខា បានធ្វើតាមសន្យាគឺបានលាឈប់ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយប់មិញនេះ ក្រោយកម្ពុជាចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល២-០ ។ តាមរយៈសារជាសំឡេងនោះសម្តេចអះអាងថា មានពលរដ្ឋកម្ពុជាជាច្រើនសម្តែងការសោកស្តាយចំពោះការប្រកាសលាឈប់ពីតំណែងពីវិស័យកីឡាកម្ពុជា ។ ចំពោះសម្តេចវិញក៏បានបង្ហាញពីការសោកស្តាយផងដែរ ។

ក្នុងនាមដែលនាយឧត្តមសេនីយ៍ សៅ សុខា បានកាន់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រមាណជា១០ឆ្នាំមកនេះ បើតាមសម្តេចតេជោ គឺថា វិស័យកីឡាផ្នែកបាល់ទាត់ មានការរីកចម្រើន ទោះបីជាក្នុងនាមកម្ពុជាជាម្ចាស់ស៊ីហ្គេមដែលក្រុមកីឡាធ្វើឡើងមិនទាន់តាមការចង់បានរបស់កម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជាបានដើរចេញឆ្ងាយហើយពីអ្វីដែលមិនចង់បានកាលពីអតីតកាលហើយ ។

សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ដូច្នេះក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា ខ្ញុំអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្តការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត។ ហើយនេះ ក៏មិនមែនជាបញ្ហាដាច់ដោយឡែករបស់ខ្ញុំ តែនេះជាបញ្ហារួមដែលរាជរដ្ឋាភិបាលខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាល អំពាវនាវឲ្យនាយឧត្តមសេនីយ៍សៅសុខាបន្តតួនាទីនេះ ជាមួយនឹងការចង់បានរបស់កីឡាករ-កីឡាការិរនីកីឡាបាល់ទាត់និងប្រជាពលរដ្ឋដែលគាំទ្រកីឡាបាល់ទាត់ផងដែរ” ។

សម្តេចសង្ឃឹមថា នាយឧត្តមសេនីយ៍ សៅ សុខាដែលធ្លាប់នៅរួមរស់ជាមួយសម្តេចអស់រយៈពេល៤៦ឆ្នាំមកនោះ នឹងទទួលយកសំណូមរបស់សម្តេច ដោយសម្តេចថា គ្មានសិទ្ធិបញ្ជាទៅលើប្រធានសហព័ន្ធកីឡាបាល់ទាត់នោះទេ ប៉ុន្តែសម្តេចមានតែសំណូមពរក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ។

ដូច្នេះសម្តេចបន្ថែមក្តីជឿជាក់ថា នាយកឧត្តមសេនីយ៍ ទទួលយកកិច្ចការងារដ៏សំខាន់នេះដើម្បីភាពរីកចម្រើនលើផ្នែកកីឡាបាល់ទាត់កម្ពុជា ។ កីឡាបាល់ទាត់រីកចម្រើនមកដល់ពេលនេះ មានការជួយជ្រោមជ្រែងពីនាយឧត្តមសៅ សុខា ។

ជារឿងសោកស្តាយសម្រាប់អ្នកគាំទ្រវិស័យកីឡា ក្រោយពីនាយឧត្តមសេនីយ សៅ សុខា បានធ្វើតាមអ្វីដែលលោកបានសន្យាកាលពីមិនទាន់ មានការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមកីឡាករកម្ពុជាក្រោមអាយុ២២ឆ្នាំ(U22) ជាមួយកីឡាករមីយ៉ាន់ម៉ា ។ ក្នុងពេលប្រកួតបើកវគ្គរវាង U22 កម្ពុជានិងទីម័រខាងកើត គឺកម្ពុជាបានទទួលជ័យជំនះ ។ កើតឡើងពីការទទួលជ័យជំនះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ នាយឧត្តមសេនីយសៅ សុខា បានប្រកាសថា បើកម្ពុជាមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រទេ លោកនឹងលាឈប់ ។ ដូចអ្វីដែលលោកបានអះអាងមែន កាលពីរាត្រីថ្ងៃ៧ ឧសភា បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើជាតិកម្ពុជា ទទួលបរាជ័យ ក្នុងជំនួបជាមួយមីយ៉ាន់ម៉ា ក្នុងលទ្ធផល ២-០តាមរយៈហ្វេសប៊ុកក៏បានប្រកាសលាឈប់ភ្លាមៗតែម្តង ដោយលោកបានប្រគល់ភាពជាប្រធានទៅលោក លោក ខៀវ សាម៉េត អនុប្រធាន ជាប្រធានស្តីទី៕

To Top