ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរីយយស ដល់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម

កំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរីយយស ជូនដល់អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ដែលពិធីនេះ ប្រារព្ធធ្វើនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសនៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានមានប្រសាសន៍ថា ចំពោះការបំពាក់ជូននូវគ្រឿងឥស្សរីយយស ដល់អតីតយុទ្ធជនកម្ពុជារបស់យើង ក្នុងឱកាសនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះជាកិត្តិយសមួយ ដែលប្រមុខរាជរដ្ឋាភិបាល របស់យើង បានផ្ដល់ជូនដល់អតីតយុទ្ធជនទាំងអស់ដោយមិនមានការរើសអើង និងក៏ដូចជាការតបស្នង នូវអ្វីដែលអតីតយុទ្ធជនរបស់យើង បានរួមចំណែកក្នុងកិច្ចការពារទឹកដី និងការរួមចំណែក ការរក្សាបាននូវសុខសន្តិភាព ដែលនាំមកនូវភាពរីកចម្រើនរហូតមក ដល់ពេលបច្ចុប្បន្ននេះ ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានយកឱកាសនោះថ្លែងអំណរគុណដល់ បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបាននូវសុខសន្តិភាពមកដល់ថ្ងៃនេះ ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្នុងនាមជាអតីតយុទ្ធជន ជាអ្នកប្រយុទ្ធ អ្នកតស៊ូ ដូច្នេះយើងត្រូវធ្វើជាគំរូល្អ និងការពារមរតកសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង ៕

To Top