ព័ត៌មានជាតិ

សម្តេចតេជោ បានទៅដល់ ទីក្រុងឡាប៊ូនបាចូហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១៣និង១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២និង១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌអាស៊ាននេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ ។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈ នៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបានសហគមន៍មួយ ប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យ របស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។

ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹង ពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ ៕

To Top