ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

លោកបណ្ឌិត សូមអបអរសាទរចំពោះសាកលវិទ្យាល័យអង្គរ ចំពោះការទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធអគារសិក្សាថ្មីដ៏ទំនើប និងធំស្កឹមស្កៃ។ ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល ។

លោក ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។ ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។

លោក សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដែលបានរួមគ្នាជាកម្លាំងសរុបក្នុងការលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមសហការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន, ព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោកបត់បេះដូងជិត ៤ លាន និងរាំម៉ាឌីហ្សុនដែលមានអ្នករំាច្រើនជាងគេសរុប ៤.៩៩៩ នាក់ ព្រមទាំងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង ជាដើម ដោយព្រឹត្តិការណ៍ទាំងអស់នេះ សុទ្ធតែបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកតម្កើងកិត្តិយសជាតិខ្មែរ នៅលើឆាកអន្តរជាតិ៕

To Top