ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជាមានបំណងទិញ អគ្គិសនីពីប្រទេសឡាវ ចេញមកកាន់កម្ពុជា ហើយបន្តលក់ទៅកាន់ ប្រទេសសិង្ហបុរី ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា “កម្ពុជាមានបំណងទិញ អគ្គិសនី ពីប្រទេសឡាវ ចេញមកកាន់កម្ពុជាហើយបន្តលក់ទៅកាន់ ប្រទេសសិង្ហបុរី ដោយថ្មីៗនេះដើម្បីទទួលបានកិច្ចការងារនេះ ជោគជ័យក្នុងការអូសខ្សែបញ្ជូន ក្រោមបាតសមុទ្រនោះ ក៏ត្រូវការភូមិសាស្ត្រទឹកដី របស់វៀតណាមខាងត្បូង តំបន់កាម៉ៅ បន្តឆ្ពោះទៅប្រទេសម៉ាឡេស៊ី និងបន្តទៅកាន់ប្រទេសសិង្ហបុរី”។
ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំនាយករដ្ឋមន្ត្រីវៀតណាម ឱ្យជួយសម្របសម្រួលកិច្ចការនេះ ទទួលបានជោគជ័យ ខណៈដែលកម្ពុជាក៏បានរៀបចំឯកសារនានា ពាក់ព័ន្ធទៅកាន់ស្ថាប័នរបស់វៀតណាមរួចរាល់ហើយដែរ។
តបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា លោកបានទទួល នូវព័ត៌មាននេះហើយ លោកនឹងបញ្ជូនទៅឲ្យក្រុមការងារជំនាញពិនិត្យទៅលើកិច្ចការនេះ។
នៅក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី វៀតណាម បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនាពេលខាងមុខ៕