ព័ត៌មានជាតិ

ក្រោមដំណក់ព្រះភិរុណ មិនបោះបង់ការប្រកួត! អត្តពលិក ប៊ូ សំណាង ឆក់បេះដូងប្រជាជន ជុំវិញពិភពលោក

ភ្នំពេញ៖ ភាពអត់ធ្មត់ និងមិនបោះបង់ការប្រកួត តស៊ូដល់នាទីចុងក្រោយរបស់អត្តពលិកខ្មែរ កញ្ញា ប៊ូ សំណាង បានអង្រួនបេះដូងប្រជាជនកម្ពុជា ទូទាំងប្រទេស ទាំងមន្រ្តីរាជការ រហូតដល់ព្រះរាជាខ្មែរផងដែរ។

តាមរយៈហ្វេសប៊ុកផេក Royal Du Cambodge ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖

«កីឡា គឺលើសពីភាពឈ្នះ និងចាញ់»

កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯង ចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។

ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាព យ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជា នូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ។

យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ។

សេចក្តីរាយការណ៍នានា បានឱ្យដឹងថា អត្តពលិកខ្មែរ កញ្ញា ប៊ូ សំណាង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឆក់បេះដូង ប្រជាពលរដ្ឋកម្ពុជាស្ទើគ្រប់រូប និងនៅជុំវិញពិភពលោក បន្ទាប់ពីសកម្មភាពរត់ចម្ងាយ ៥០០០ម៉ែត្រ ក្រោមដំណក់ទឹកភ្លៀង ទោះបីជាប់លេខក្រោយគេ យ៉ាងណាក្តី ប៉ុន្តែភាពអត់ធ្មត់ ព្យាយាមក្នុងនាមអត្តពលិកខ្មែរម្នាក់ មិនបោះបង់ចោលការប្រកួតនោះឡើយ។

ទូរទស្សន៍សឹង្ហបុរី Channel News Asia បានរាយការណ៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០២៣ ឱ្យដឹងថា អត្តពលិកកម្ពុជាម្នាក់ បានឈ្នះកន្លែងពិសេសមួយ ក្នុងក្តីស្រលាញ់របស់ជនរួមជាតិ បន្ទាប់ពីតស៊ូព្យាយាម បញ្ចប់ការប្រកួតកីឡារត់ចម្ងាយ ៥.០០០ ម៉ែត្ររបស់ស្ត្រី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃចន្ទ (៨ ឧសភា) ទោះបីជាអ្នកឈ្នះ បានបញ្ចប់ជិត ៦ នាទីមុនក៏ដោយ។

ពេល ប៊ូ សំណាង មិនឈ្នះការប្រកួត នាង​ស្រក់​ទឹក​ភ្នែក ដោយ​លើក​ដៃ​អរគុណ​អ្នក​គាំទ្រ​ ជាមួយនឹងទង់ជាតិកម្ពុជា។

កីឡាករ​វៀតណាម Nguyen Thi Oanh ដែល​ជា​អ្នក​ឈ្នះ​ បាន​បញ្ចប់​ការ​ប្រណាំង​រួច​ហើយ ​ក្នុង​ថិរវេលា ៥ នាទី និង ៥៤ វិនាទី​មុន​នេះ។

ចំណែក​គូ​ប្រកួត​ ដែល​ឈរ​លេខ​២​ចុង​ក្រោយ​គឺ រុន រំដួល ក៏​មក​ពី​កម្ពុជា​ដែរ ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ។

អ្នក​ប្រើ​ហ្វេស​ប៊ុក ម៉ៅ វណ្ណថន សរសេរ​ថា “ទោះ​ចាញ់​ក៏​ឈ្នះ​ចិត្ត​កម្ពុជា។

អ្នកប្រើប្រាស់ម្នាក់ទៀតឈ្មោះ Chanphal Ngy បានបញ្ចេញទស្សនៈដូចគ្នាថា “ពួកយើងស្រក់ទឹកភ្នែកជាមួយអ្នក… អ្នកនឹងជោគជ័យក្នុងជីវិតដូចក្តីប្រាថ្នា”។

គង់ ដារ៉ា បាន​លើក​ឡើង​ថា៖ «ភាពអត់​ធន់​របស់​អ្នក ​គឺ​ជា​ការ​បំផុស​គំនិត​ពិត ​សម្រាប់​យើង​ទាំង​អស់​គ្នា។

ប្រភពដដែលរាយការណ៍ ជាមួយនឹងការតស៊ូ មោះមុត មិនបោះបង់នេះ ក៏បានអង្រួនចិត្ត រដ្ឋមន្រ្តីក្រសួងព៏័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ផងដែរ ដោយលោក បានប្រកាសឧបត្ថម្ភថវិកា ចំនួន១លានរៀន ជូនដល់អត្តពលិក ដែលបំផុតស្មារតីជាកីឡាករ ដ៏មោះមុត នៅលើសមរភូមិវាលស្មៅនេះ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហាញអារម្មណ៍របស់ខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក​ផងដែរថា “ប៊ូ សំណាង កីឡាការនី​ រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា ប្រកួត​ដណ្តើម​​មេដាយ​មាស ​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​ 5000 ​ម៉ែត្រ”។

លោក បន្ថែមថា “ឃើញតាំងពីប្អូនស្រីចាប់ផ្តើម នៅពេលដែលភ្លៀង កំពុងតែធ្លាក់ខ្លាំងផងនោះ ប្អូនស្រីនៅតែបន្ត​រត់​រហូតដល់ទីបញ្ចប់ ទោះបីប្អូនដល់ទីជាអ្នកចុងក្រោយក៏ដោយ”។ “ខ្ញុំសូមផ្តល់កំលាំងចិត្តជូនប្អូនស្រីពេញទំហឹង 🏃‍♀️🇰🇭“៕

ដោយ៖ សយ សុភា

រូបភាពពីហ្វេសប៊ុកផេក Royal Du Cambodge

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជូនថវិកា ដល់អត្តពលិកកម្ពុជា បូ សំណាង នៅទីស្តីក្រសួង (រូបថតពីហ្វេសប៊ុក Kem Kunwadh)

To Top