ភ្នំពេញ ៖បន្ថែមពីលើឥស្សរជន ផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសចេញពីប្រទេសឥណ្ឌូនេស៊ីមកថា សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ផ្តល់រង្វាន់ លើកទឹកដល់កីឡាការិនី ប៊ូ សំណាងនូវទឹកប្រាក់១ម៉ឺនដុល្លារ ។
ចេញពីប្រទេសឥណ្ឌូនេស៊ី ជាទីកន្លែងដែលសម្តេច កំពុងប្រជុំកំពូលអាស៊ាននោះ សម្តេចថា នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាបានដែរ។ នេះបើតាមហ្វេសប៊ុកសម្តេចចេញផ្សាយមុននេះបន្តិច។
សម្តេចបន្តថា រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនីប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។
សម្តេចបញ្ជាក់ថា “ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ខ្ញុំ និងភរិយាសូមជួយឧបត្ថម្ភ១ម៉ឺនដុល្លារ។ សូមលោក សេង ទៀងយកថវិកាជូនកូនស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ” ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៩ ឧសភានេះ មានឥស្សិរជនមួយចំនួនទាំងខាងស្ថាប័ននិងឯកជនតាមរយៈលោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានក្តី និងដោយផ្ទាល់ខ្លួន បាននាំគ្នាឧបត្ថម្ភដល់ប៊ូ សំណាងនូវថវិកាជាបន្តបន្ទាប់៕



