កំពង់ចាម ៖ លោក ឃឹម ចិន្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងអំពីប្រជាពលរដ្ឋស្ថិតនៅក្នុង ភូមិបុសពោធិ៍ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ មានការសាទរ ចំពោះចំណាត់ការរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើឲ្យគម្រោងស្ដារប្រឡាយមេសជ្រៃ ទទួលបានជោគជ័យ ១០០ % ។

លោក ឃឹម ចិន្ដា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី ៤៨ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ប្រព័ន្ធធារាសាស្ត្រ នៅក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ គឺចាំបាច់ត្រូវតែស្ថាបនា ស្ដារឡើងវិញ ស្របតាមបណ្ដាញផ្លូវជាតិថ្មី ។ ប៉ុន្តែក្នុ ងគ្រាដែលមន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ចុះអនុវត្តគម្រោងគឺមានបញ្ហាខ្លះៗ ជាមួយបញ្ហា ថវិកា ។

ប៉ុន្តែយ៉ាងណាក៏ដោយគម្រោងនេះ ត្រូវបានដោះស្រាយ បន្ទាប់ពីទទួលបានជំនួយថវិកា ពីក្រសួងធនធានទឹក និងឧតុនិយម ចំណាត់ការមួយចំនួន ជាដំណោះស្រាយជាមួយនឹងក្រុមអាជីវករមួយចំនួនតូច នៅតំបន់នោះ ទើបធ្វើឱ្យមន្ត្រីជំនាញយើង ចុះអនុវត្តគម្រោងស្ដារប្រឡាយ ប្រវែង ១,២០០ ម៉ែត្រ នោះ ទទួលបានជោគជ័យ ១០០ % ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧបនិយម ខេត្តកំពង់ចាម បានឲ្យដឹងទៀតថា គម្រោងស្តារប្រឡាយមេសរជ្រៃ មានប្រវែងសរុប ១,២០០ ម៉ែត្រ បានចាប់ផ្តើមអនុវត្តន៍ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ និងបានស្ថាបនា រួចរាល់ជាស្ថាពរនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មានរបៀបវារៈដូចខាងក្រោម ៖
ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
ទី២ ៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី៣ ៖ បញ្ហាផ្សេងៗ ៕
