ព័ត៌មានជាតិ

សម្ដេច ស ខេង ឲ្យពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោត ដើម្បីលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យប្រជាពលរដ្ឋត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខនេះ បានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ជាមូលដ្ឋានអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែមានការ រីកចម្រើនបន្តទៀត។

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត និងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ សម្ដេច ស ខេង បានបន្តអំពាវនាវមន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធានាឲ្យបានសន្តិសុខ និងសុវត្ថិភាពសម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ។ ទន្ទឹមគ្នានោះដែរ ត្រូវចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍ធំមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សម្ដេចបន្ដថា អាជ្ញាធរ ជាអ្នកចូលរួមក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ពេលបោះឆ្នោតឲ្យប្រព្រឹត្តទៅបានដោយសេរី យុត្តិធ៌ម និងគ្មានការគំរាមកំហែង ព្រមទាំងត្រូវ អនុវត្តសិទ្ធិក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី។ សម្ដេចគូសបញ្ជាក់ថា «មន្ត្រីរាជការស៊ីវិល និងកងកម្លាំង គ្រប់ប្រភេទទាំងអស់ ខិតខំបំពេញ ភារកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយ និងសហការគ្នាឲ្យបានល្អ ហើយប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនដើម្បីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សម្រាប់ជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្តទៀត»។

ក្នុងឱកាសនោះដែរ សម្ដេច ស ខេង បានផ្ដាំផ្ញើដល់អាជ្ញាធរ បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់-ភូមិ និងកងកម្លាំងមាន សមត្ថកិច្ច ទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឲ្យត្រឹមត្រូវ នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់-ភូមិ កាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕

To Top