ព័ត៌មានជាតិ

WB អនុម័តគម្រោង ទឹកប្រាក់ ៦០លានដុល្លារ កែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល របស់ធនាគារពិភពលោក (WB) បានអនុម័តគម្រោងមួយ ដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារ ដើម្បីគាំទ្រដល់ការកែលម្អ ការគ្រប់គ្រង សំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះ ក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀត ជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ WB នាថ្ងៃទី១០ ឧសភា បានឲ្យដឹងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុង ពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឲ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។

WBបន្ដថា ទន្ទឹមគ្នានេះ សេវាប្រមូលសំរាម នៅស្ថិតក្នុងអត្រាទាបនៅឡើយ រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ ក៏នៅខ្វះខាត ហើយការបោះចោលសំរាម និង សំណល់ប្លាស្ទិកនៅតាមដងផ្លូវ , ផ្លូវទឹក ការរាយប៉ាយសំរាមតាមផ្លូវ និងការដុតសំរាម នៅតែមានជាហូរហែរនៅឡើយ ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះ ក៏នៅមានកម្រិត ដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយ សម្រាប់យកទៅអនុវត្តតាម ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ»។

លោកស្រី បន្ថែមទៀតថា បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រ គ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះ ក៏នឹងជួយដល់ថ្នាក់ជាតិ ក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ក្នុងដែនសមុទ្ររបស់ខ្លួន។ លើសពីនេះ គម្រោងនឹងជួយ ពង្រីកសេវាប្រមូល សំរាមឲ្យគ្របដណ្ដប់តាមខ្នងផ្ទះកាន់តែច្រើន និងកាន់តែទៀងទាត់ ៕

To Top