ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើតេស្តរកឃើញមានវិជ្ជមាន ជំងឺកូវីដ-១៩ ខណៈសម្ដេច បានណែនាំក្រុមគ្រួសារ និងអ្នកជុំវិញខ្លួន ធ្វើតេស្ត និងតាមដានសុខភាព។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរថា «ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ»។
សម្ដេច បន្ដថា សម្រាប់ពេលនេះ សម្ដេច បានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយ សម្ដេច នៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយ ឡែកក្នុងគេហដ្ឋាន របស់ខ្ញុំជាធម្មតា។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារ នានាមួយររយៈពេលខ្លី ហើយ សម្ដេច នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្ដីអំពីបញ្ហាសុខភាពនេះតាមវិធាន សុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយ៕

