ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឱ្យគណបក្សខ្មែរ ឈប់ក្រ រៀបចំបំពេញ បែបបទឡើងវិញ

ភ្នំពេញ​ ៖​ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួមហាផ្ទៃ ណែនាំឱ្យគណបក្សខ្មែរឈប់ក្រ រៀបចំបំពេញបែបបទឡើងវិញ ក្នុងការស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សរបស់ខ្លួន ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ។

យោងតាមលិខិតរបស់​ ក្រសួងមហាផ្ទៃ​នាថ្ងៃទី១២​ ឧសភា​ នេះ​បានឱ្យ​ដឹង​ថា​ គណបក្សខ្មែរឈប់ក្រ ត្រូវដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីធ្វើការស្រាវជ្រាវ និងមានកំណត់ហេតុរបស់ប៉ុស្តិ៍ នគរបាលរដ្ឋបាល ឱ្យបានច្បាស់លាស់ អំពីករណីបាត់បង់ច្បាប់ដើម រួចហើយត្រូវដាក់ពាក្យ ស្នើសុំមកក្រសួងមហាផ្ទៃសារជាថ្មី។

ទន្ទឹមនេះដែរគណបក្ស ត្រូវអនុលោម តាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរឈប់ក្រ និងត្រូវជូនដំណឹងជាលាយ លក្ខណ៍អក្សរជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល បច្ចុប្បន្នជាកំណត់ ផងដែរ៕

To Top