ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន ហៅកាត់ថា ស.ស.ក.ចឬ(CCJA) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយគ្នា ជាមួយឯកឧត្តមបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ប្រយោជន៍លើកកម្ពស់ការផ្សព្វផ្សាយ ទំនាក់ទំនងកម្ពុជា-ចិនឱ្យទូលំទូលាយជូនដល់សាធារណជន។
ក្រោយពីជំនួបនោះ លោក សយ សុភា អគ្គលេខាធិការរងនៃសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិនបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីធ្វើការងារស្រាវជ្រាវ និងចែករំលែកបទពិសោធន៍។ ចំណែកឯខាងសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិនវិញមានប្រព័ន្ធផ្សព្វផ្សាយ។ ដូច្នេះស្ថាប័នទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីជំរុញការផ្សព្វផ្សាយអំពី ទំនាក់ទំនងកម្ពុជាចិនឱ្យកាន់ទូលំទូលាយ។
សំឡេង៖ «ស្ថាប័នទាំងពីរនេះ គឺសហការគ្នាដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ចែករំលែកព័ត៌មានចំណេះដឹង ទាក់ទងទៅនឹងចិននិងកម្ពុជា គ្រាប់លទ្ធភាពភាពនិងទិដ្ឋភាព ដែលខ្លួនបានសិក្សាស្រាវជ្រាវ តាមប្រធានបទផ្សេងៗ ជាបន្តបន្ទាប់នៅពេលក្រោយ។ ប៉ុន្តែចំពោះមុខយើងបានពិភាក្សាគ្នា ចំណុចកិច្ចសហប្រតិបត្តិការគ្នាដោយបូកបញ្ចូលគ្នា រវាងសមាគមនិងខាងវិទ្យាស្ថានសិក្សាចិន បង្កើតបានជាវេទិកាតុមូល ឬសិក្ខាសាលាផ្សេងៗដើម្បីប្រជាជនខ្មែរ និងចិនដឹងពីព័ត៌មាន និងទទួលចំណេះដឹងកាន់តែទូលំទូលាយ »។
បន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំ នៃស្ថាប័នទាំងពីរទទួលបានផ្លែផ្កា និងមានឯកភាពគ្នាច្រើនរួចមក ភាគីទាំងពីរគ្រោងនឹងរៀបចំចុះអនុស្សរណៈ MOU ជាមួយគ្នានៅចុងសប្តាហ៍ក្រោយ។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានលោក សយ សុភា ចាត់ទុកថា ជាចំណុចចាប់ផ្តើមមួយដ៏វជ្ជមាន ហើយសង្ឃឹមថា និងមានភាគីពាក់ព័ន្ធផ្សេងទៀត មានការចាប់អារម្មណ៍ចូលរួមក្រោយពី មានការសហការជាមួយ វិទ្យាស្ថានសិក្សាចិននេះ។
លោក សយ សុភា បានបញ្ជាក់ថា ប្រទេសនីមួយៗនៅលើពិភពលោកតែងតែ មានមធ្យោបាយក្នុងការទំនាក់ទំនងផ្សេងៗគ្នា។ សម្រាប់ប្រទេសកម្ពុជានិងចិន គឺមានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនស្រាប់។ ដូច្នេះ ជាចំណុចមួយល្អ សម្រាប់ផ្សាភ្ជាប់នូវទំនាក់ទំនងកម្ពុជាចិន ឱ្យកាន់តែមានភាពរឹងមាំ ដោយប្រជាជនប្រទេសទាំងពីរទទួលបានចំណេះដឹង ផ្នែកវប្បធម៌ ទេសចរណ៍ វិនិយោគ នយោបាយការទូត និងព័ត៌មានផ្សេងៗកាន់តែ ទូលំទូលាយថែមទៀត៕ (អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)