ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាត់វិធានការ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈកម្ពុជាកំពុងតែរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ។
តាមរយៈសារជាសំឡេង ជាង៧នាទី សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពណាមួយ ជាមួយមេដឹកនាំបក្សភ្លើងទៀនឱ្យសោះ និងបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតឱ្យក្រុមប្រឆាំង ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនោះឡើយ។
ក្នុងសារដដែលនេះ សម្តេចតេជោ ក៏បានបញ្ជា ឱ្យកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមចាប់យកក្បាលម៉ាស៊ីនទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលហ៊ានចេញមុខប្រឆាំង ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ដោយមិនអត់ឱន ឱ្យទង្វើដែលគ្មានទំនួលខុសត្រូវ របស់មេដឹកនាំគណបក្សភ្លើងទៀន ឡើយ។
សម្តេចតេជោ បានផ្ញើសារទៅដល់មេដឹកនាំគណបក្សភ្លើងទៀន ឱ្យប្រយ័ត្នរាល់ទង្វើទាំងឡាយដែលខ្លួនបានធ្វើ និងជូនដំណឹងទៅដល់បណ្តាពន្ធធនាគារឱ្យរៀបចំទទួលមេដឹកនាំ គ្រប់ជាន់ថ្នាក់របស់បក្សភ្លើងទៀន ប្រសិនបើហ៊ានប្រព្រឹត្តិបទល្មើសទាំងឡាយ តាមរយៈបំផុសឱ្យមានចលនាទាមទារគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការព្រមានថ្នាក់ដឹកនាំ និងអំពាវនាវសកម្មជន គណបក្សភ្លើងទៀននេះ ធ្វើឡើង បន្ទាប់ពីគណបក្សមួយនេះ បានប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្ស ភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធ មិនចុះបញ្ជី គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕