ព័ត៌មានជាតិ

លោក វេង សាខុន អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសេដាសែនជ័យ ស្ថិតនៅស្រុកតំបែរ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោក វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តសេដាសែនជ័យ ស្ថិតនៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្លងនេះ មានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។

ឆ្លៀតឱកាសនៃពិធីបុណ្យនេះ លោក រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋ​ នៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោកបានពាំនាំ នូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោក ក៏បានរលឹកឡើង ពីអនុស្សាវរីយដែលលោកបានមកកាន់ឃុំសេដា នេះជាមួយលើកដំបូងកាលពីជាង២៤ឆ្នាំមុន ហើយជាទីតាំងដំបូងបំផុត ដែលលោក ចុះមកជួយកាងារមូលដ្ឋានស្រុកតំបែរនេះ ដែលកាលនោះគឺមានស្ថានភាពលំបាក ខ្វះហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ រួមទាំងផ្លូវថ្នល់ផងដែរ ជាពិសេសវត្តសេដាសែនជ័យនេះ មានស្ថានភាពខ្វះខាតខ្លាំងនាពេលនោះ។ មកទល់ពេលបច្ចុប្បន្ននេះ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពសង្គម ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទេសដ៏ឆ្នើមបំផុត ស្រុកតំបែរនេះបានទទួល នូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារ សារ៉ាវជាដើម។ ថ្មីៗនេះក្រោមការដឹកនាំប្រកបដោយ ភាពប៉ិនប្រសប់របស់សម្តេចតេជោ បាននាំអោយកម្ពុជា មានភាពល្បីល្បាញ និងទទួលបានការកោតសរសើរ ទាំងក្នុងថ្នាក់តំបន់ និងលើពិភពលោក តាមរយៈភាពជាអ្នកដឹកនាំ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងជាពិសេសកំពុងធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំបានយ៉ាងរលូន និងអស្ចារ្យ។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើង ពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ ដើម្បីបង្កើនតម្លៃបន្ថែម ក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះរាជរដ្ឋាភិបាល បានផ្តល់ការគាំទ្ររបបសន្តិសុខសង្គម ជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិ ក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ក្រៅពីនេះរាជរដ្ឋាភិបាល កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀត ដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច ឱ្យមានភាពធន់ និងធានាបាននូវចីរភាព។

ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលានេះ លោក បាននាំយកថវិកា ប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តសេដាសែនជ័យ សម្រាប់ការកសាងវត្ត និងថវិកាមួយចំនួនទៀត សម្រាប់ឧបត្ថម្ភដល់ការរៀបចំពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នាពេលនេះ៕

To Top