ភ្នំពេញ ៖ នៅចំពោះមុខក្រុមនិស្សិតជំនាញកសិកម្មដែលបានបញ្ចប់ការសិក្សាចំនួន៣សកលវិទ្យាល័យនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកបង្ហាញពីបញ្ហាស្រូវចុះថ្លៃ ដែលមួយចំណែកក៏ផ្ដើមចេញពីកម្លាំងរបស់កសិករតថ្លៃជាមួយឈ្មួញ ទើបធ្វើឲ្យឈ្មួញបង្អាប់ថ្លៃ ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃ១៥ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា វិស័យកសិកម្មនៅកម្ពុជា នៅប្រមុខទៅនឹងបញ្ហាច្រើនលើផ្នែកបច្ចេកទេស។
ដោយសម្តេចបានលើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់លើផ្នែកបច្ចេកទេស ជាមួយនឹងការរៀបចំជាយុទ្ធការ ដើម្បីឆ្លើយតបជាមួយនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម រាប់ទាំងការរៀបចំជាសមាគមកសិករ ដើម្បីធានាថា «ពួកគាត់ចង់សម្ព័ន្ធមេត្រីភាពជាមួយគ្នា ហើយនាំគ្នាតថ្លៃ កុំឲ្យឈ្នួញបង្អាប់»។
សម្ដេចតេជោលើកដូច្នេះថា «រឿងស្រូវចុះថ្លៃ ក៏ផ្ដើមចេញពីកម្លាំងតថ្លៃ ព្រោះកសិករយើងនៅរាយប៉ាយ ឈ្នួញទៅទិញអ្នកនេះ ឃើញស្រូវអីចឹងឲ្យមួយគីឡូ១ពាន់រៀល។ អ្នកនោះ ចង់លក់ដែរនៅសល់៩៥០រៀល អីចឹងដេញថ្លៃចុះ អត់ដេញថ្លៃឡើង អីចឹងផលិតផលកសិកម្ម គឺអត់ទៅរួច។ ខ្លះលក់ទាំងស្រូវទឹក ចឹងធ្វើឲ្យឈ្មួញបង្អាប់ថ្លៃ»។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា ប្រសិនបើកសិករ ចងក្រងជាសមាគម ហើយកុំដណ្ដើមគ្នាលក់ នឹងទទួលបានផលប្រយោជន៍ទាំងឈ្មួញ និងអ្នកលក់។ សម្ដេចក៏បានជំរុញឲ្យមានទីផ្សារ ទាំងលក់ដុំ និងរាយ។
ឆ្លៀតឱកាសនោះ សម្ដេចក៏បានផ្តាំថា បើកសិករមិនកែទម្លាប់ក្នុងការប្រើប្រាស់ពូជទេ មិនអាចទទួលបានទិន្នផលខ្ពស់នោះឡើយ។ សម្តេចក៏ជំរុញឲ្យគិតគូកាត់បន្ថយតម្លៃផលិតផលរបស់កសិករ ដើម្បីបង្កើនលទ្ធភាពនៃការប្រកួតប្រជែង។ លើសពីនេះ សម្ដេច ក៏បានជំរុញមន្ត្រីពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាទឹក ដើម្បីឲ្យកសិករបង្កើនការដាំដុះ ធ្វើយ៉ាងណាឲ្យដីធ្វើស្រែមួយហិកតា អាចចិញ្ចឹមនុស្សបាន ២០នាក់ ឬលើសពីនេះផងដែរ៕