ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ បន្តសកម្មភាព បង្កើតស្នាដៃ ហើយប្រែក្លាយការប្រឈមឲ្យទៅជាថាមពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ ដែលជាសសរស្តម្ភដ៏រឹងមាំបម្រើ ឲ្យការអភិវឌ្ឍប្រទេសជាតិ។
តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា សម្ដេចតេជោថ្លែងថា ឆ្នាំ២០២៣នេះ សង្គ្រាមប្រឆាំង ជំងឺកូវីដ-១៩ នៅតែបន្តដោយពុំអាចកំណត់អំពីពេលវេលា បញ្ចប់បានច្បាស់លាស់ឡើយ ស្របពេលសភាពការណ៍ សន្តិសុខសាកលលោកនៅតែវិវឌ្ឍន៍ ប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់មិនអាចប៉ាន់ស្មានបាន ហើយស្ថានការណ៍ទាំងអស់នេះ នឹងបន្តជះឥទ្ធិពលដោយផ្ទាល់ ឬប្រយោលដល់បរិយាកាសសន្តិសុខជាតិ កម្ពុជាជាក់ជាមិនខាន។
សម្ដេចតេជោបន្ដថា ក្នុងអំឡុងពេលនេះ មានព្រឹត្តិការណ៍សំខាន់ៗ មួយចំនួនត្រូវបានរៀបចំដំណើរការនៅកម្ពុជា រួមមាន ៖ ការប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ប៉ារ៉ាហ្គេមលើកទី១២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលសុទ្ធសឹងជាគោលដៅ នៃការប៉ុនប៉ងវាយប្រហារ របស់ពួកអមិត្ត និងបក្ខពួកដែលមាននិន្នាការប្រឆាំងជ្រុលនិយម ដើម្បីបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល និងប្រទេសជាតិ ព្រមទាំងឆក់ឱកាសដណ្ដើមអំណាចផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។
សម្ដេចតេជោ បន្ថែមថា ក្រៅពីនេះសភាពការណ៍ទូទៅ នៃសន្តិសុខ សណ្តាប់ ធ្នាប់សង្គម ក៏នៅតែមានបញ្ហាប្រឈម ដែលបណ្តាលមក ពីការបន្តកើតឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើស គ្រឿងញៀន អំពើជួញដូរពលកម្ម ជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ។
សម្ដេចតេជោ បន្ថែមថា ជាការពិតណាស់កិច្ចការទាំងអស់នេះ គឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងជាវិញ្ញាសាដ៏ស្មុគស្មាញ ដែលតម្រូវឲ្យកងកម្លាំង នគរបាលជាតិមានសមត្ថភាព និងគុណភាពខ្ពស់ ធ្វើការរែកពុនដោះស្រាយបញ្ហាប្រឈមទាំងនោះ ប្រកបដោយភាពអធន ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ។
សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «រាជរដ្ឋាភិបាល ពិតជាមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម ចំពោះមនសិការស្នេហាជាតិមាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ហើយក៏សូមលើកទឹកចិត្តដល់ កងកម្លាំងគ្រប់ជំនាញ គ្រប់ថ្នាក់ បន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈម ឲ្យទៅជាថាមពល បង្កើតនូវឱកាសដែលមានសក្ដានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ ដែលជាសសរស្តម្ភដ៏រឹង មាំបម្រើឲ្យការអភិវឌ្ឍ ប្រទេសជាតិ ប្រកបដោយចីរភាព»៕