ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញមតិចំពោះគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបដិសេធមិនចុះឈ្មោះឲ្យគណបក្សភ្លើងទៀន ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខនេះ គឺបណ្តាលមកពី កំហុសដ៏ធ្ងន់ធ្ងររបស់ក្រុមថ្នាក់ដឹកនាំបក្សនេះ ។
កំហុសដែលលោកសំដៅដល់នេះ គឺការមិនបំពេញឯកសាររដ្ឋបាលតាមផ្លូវច្បាប់គ្រាប់គ្រាន់តាមការ កំណត់ ព្រោះជាធម្មតាគេមិនដែលប្រើឯកសារចម្លងមកអនុវត្តជាផ្លូវការឡើយ ។ លោកបញ្ជាក់ថា “ចឹងទេករណីដែលគ.ជ.ប បដិសេធការចុះបញ្ជីប្រកួតប្រជែងរបស់បក្សភ្លើងទៀននេះ មិនមែនពាក់ព័ន្ធ ទៅនឹងបញ្ហានយោបាយទេ តែពាក់ព័ន្ធកំហុសដ៏ធ្ងន់ធ្ងររបស់ក្រុមមេបក្សភ្លើងទៀននុងតែម្តង”។ នេះបើ តាមលោកប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៦ ឧសភា ។
កំហុសនោះត្រូវបានលោក សុខ ឥសាន ពន្យល់ថា “ការដែលគ.ជ.បបដិសេធការទទួលពាក្យប្រកួត ប្រជែងការបោះឆ្នោតគណបក្សភ្លើងទៀននេះ វាជាបច្ចេកទេសរដ្ឋបាលប៉ុណ្ណោះទេ ។ យើងដឹងហើយទាំងអស់គ្នាហ្នឹងគឺថា លិខិតស្នាមរដ្ឋបាលជាផ្លូវការគេមិនដែលយកផូតូកុបពីទេ (ថតចម្លង) គេយកតែ ច្បាប់ដើមប៉ុណ្ណោះ បានអាចប្រើការជាផ្លូវការបាន មិនដែលមានអ្នកណាយកឯកសារផូតូកុបពីទៅប្រើ ប្រាស់ជាឯកសារផ្លូវការបានទេ”។
ចំពោះសំណើរបស់គណបក្សភ្លើងទៀនសុំជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគ.ជ.បនោះ លោកថា មិនមែនសុំជួបពិភាក្សាពីបញ្ហាប្រទេសជាតិនោះទេ ប៉ុន្តែផ្ទុយទៅវិញសំណើនោះដើម្បីឲ្យជួយដោះស្រាយកំហុសឆ្គងរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀនរឿងមិនបំពេញឯកសារគ្រប់លក្ខខណ្ឌ ដោយរឿងនេះ មិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគ.ជ.ប ទេ ។
ក្រោយលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប នាថ្ងៃ១៥ ឧសភា មិនចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដោយសារគណបក្សប្រឆាំងនេះ “មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យច្រកចេញចូលតែមួយឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត” នោះ អង្គការពាក់ព័ន្ធទៅនឹង ការរៀបចំបោះឆ្នោតបានរិះគន់គ.ជ.ប ដោយពួកគេអះអាងថា នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ថយក្រោយ ដោយសារតែការបន្តដឹកនាំដោយឯកបក្សនៅក្នុងរដ្ឋសភា ៕