ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យលោកគ្រូអ្នកគ្រូ យូដូ ជប៉ុន បន្តហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ពីព្រោះបេសកកម្មកម្ពុជាមិនត្រឹមបញ្ចប់ត្រឹមស៊ីហ្គេមនេះទេ ។
ការស្នើរបស់សម្ដេចតេជោ ធ្វើឡើង ក្នុងឱកាសអនុញ្ញាតឲ្យ លោក ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃ១៧ ឧសភា ។
ក្នុងជំនួបនោះ លោក ហ្គោតារ៉ូ អូហ្គាវ៉ា បានអបអរសាទរសម្ដេចតេជោ ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ទទួលបានភាពជោគជ័យ យ៉ាងត្រចះត្រចង់នាពេល ។
លោកថា កីឡាករ កីឡាការិនីកម្ពុជា មានការតស៊ូ និងព្យាយាមខ្លាំង នៅពេលពួកគាត់ទៅហ្វឹកហាត់នៅជប៉ុន ដោយគ្រូបង្វឹកកីឡាករ កីឡាការិនីទាំងអស់ មានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោកទៀតថា កីឡាករ កីឡាការិនីកម្ពុជា មានសក្តានុពល និងមានទេពកោសល្យ លើវិស័យយូដូ ។ ក្នុងន័យនេះលោកស្នើសុំការគាំទ្រពីសម្ដេចតេជោ ក្នុងការបន្តជួយបង្វឹកកីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ។
ជាការឆ្លើយតប សម្ដេចតេជោ ថ្លែងអំណរគុណលោក Gotaro Ogawa លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុនដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដាយច្រើន ដែលពីមុនមកមិនដែលទទួលបានមេដាយច្រើនបែបនេះនោះទេ។
សម្ដេចតេជោ បញ្ជាក់ថា «សូមឲ្យឯកឧត្តម លោកគ្រូអ្នកគ្រូ យូដូ បន្តធ្វើការហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជា តទៅទៀត ពីព្រោះថាបេសកកម្មកម្ពុជា មិនត្រឹមបញ្ចប់ត្រឹម ស៊ីហ្គេមនេះទេ គឺនៅត្រូវទៅចូលរួមការ ប្រកួតដទៃទៀត ។ ម្យ៉ាងវិញទៀតកីឡានាំមកនៅសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់ នូវទំនាក់ទំនង រវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជន និងយុវជន ផងដែរ» ៕