ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើដល់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម បញ្ឈប់យកប្រធានបទមន្ត្រីឥណទាន ឬ CO ទៅបង្កើតជារឿងកំប្លុកកំប្លែង នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ។
យោងតាមសេចក្ដីអំពាវនាវរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយ ដោយយកប្រធានបទមន្រ្តីឥណទាន ឬ CO(Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត នៅតាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម។ ការសម្តែងទាំងនោះត្រូវបានយកទៅកាត់តខ្លីៗ និងចែករំលែកបន្តគ្នាដែលធ្វើឱ្យ មានការយល់ច្រលំថាជារឿងពិត។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ការសម្តែងមួយចំនួន គឺប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិក នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគម សូមសម្តែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការផ្សព្វផ្សាយ ប្រាសចាកពីការពិតទាំងនោះ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គូសបញ្ជាក់ថា «អាស្រ័យដូចបានជម្រាបជូននេះ សូមម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាងការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមាន ដល់វិស័យហិរញ្ញវត្ថុ។ សមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្តាញសង្គមនឹងចូលរួមជាមួយសមាគម ក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ»។
សូមជម្រាបថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាចខ្វះបាន សម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋ ងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន៕