ព័ត៌មានជាតិ

កិច្ចប្រជុំបណ្តាញទីក្រុង ប្រើប្រាស់ភាសាបារាំង នៅទីក្រុងភ្នំពេញ ពិតជាមានសារៈសំខាន់ នាំឆ្ពោះទៅកាន់ ទីក្រុងវៃឆ្លាត

ភ្នំពេញ៖ កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង​ ប្រើប្រាស់ភាសាបារាំង (AIMF) ដែលកំពុងប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ ក្នុងការលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភណភាព និងអនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិកា​រ រវាងទីក្រុង ជាពិសេសដើម្បីបង្កើន ដំណើរការយន្តការពង្រឹងឱ្យកាន់តែស៊ីជម្រៅ រវាងមិត្តភាព និងសាមគ្គីភាព ។

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃសមាគម AIMF នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ។

លោកនួន ផារ័ត្ន បានលើកឡើងថា សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ​ នៃបណ្ដាញអភិបាលក្រុងប្រើប្រាស់ភាសាបារំាង ក្នុងកម្រិតអាស៊ីអាគ្នេយ៍ នេះគឺជាកិច្ចប្រជុំមួយ ដោយមានសារៈសំខាន់ ទីមួយគឺសម្រាប់រាជធានីភ្នំពេញផ្ទាល់ ដោយរាជធានីភ្នំពេញ គឺជាសមាជិកអចិន្ត្រៃយ៍របស់ សមាគមអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង នៅក្នុងកម្រិតពិភពលោក ហើយរាជធានីភ្នំពេញ បានបង្កើតនៅការិយាល័យ ប្រចាំការមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញផ្ទាល់នេះ ក៏មានបន្ទប់ធ្វើការរបស់បណ្ដាញនេះដែរ ។

លោកបានបន្តថា “ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ របស់សមាគមអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង រដ្ឋបាលរាជធានីភ្នំពេញ បានដើរតួនាទីយ៉ាងសំខាន់ ហើយក៏មានការទទួលស្គាល់ អំពីថ្នាក់ដឹកនាំរបស់សមាគមអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ជាពិសេសលោកស្រី Anne HIDALGO អភិបាលរដ្ឋធានីប៉ារីស នៃសាធារណរដ្ឋបារាំង ។ នៅក្នុងឆ្នាំនេះ យើងបានឆ្លៀតឱកាសអញ្ជើញ អភិបាលក្រុងខេត្តមួយចំនួន របស់ប្រទេសវៀតណាម ឡាវ ដែលស្ថិតនៅក្នុងសមាជិករបស់បណ្ដាញ ជាមួយនឹងខេត្ត ដែលជាសមាជិកបណ្ដាញអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនេះ ជួបជុំគ្នា ដើម្បីពិភាក្សាក្រោមប្រធានបទ «មហិច្ឆតារួមគ្នា សម្រាប់ការអភិវឌ្ឍទីក្រុងយើង»” ។

លោកអភិបាលរងរាជធានីភ្នំពេញ បានបន្ថែមថា សមាគមដែលអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនេះ​ មានតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលផ្ដុំនៅទីក្រុង ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងបណ្ដាញនេះ ។ ដូច្នេះការផ្ដួចផ្ដើមលើកនេះ មិនមែនត្រឹមតែចង់លើកស្ទួយ នៃកិច្ចសហប្រតិបត្តិការ វិមជ្ឈការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការការពារ ដល់ទីធ្លានៅតាមទីក្រុង ដើម្បីលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ។

ក្នុងឱកាសនោះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការនៃសមាគម AIMF បានលើកឡើងថា កិច្ចប្រជុំនេះចង់បង្ហាញថា គឺមានសារៈសំខាន់ទ្វេដង នៅពេលដែលជួបគ្នា គឺទី១ដើម្បីឆ្លើយតបតម្រូវការផ្សេងៗ គឺថាទីក្រុងនៅក្នុងតំបន់នេះ ដែលយើងបានធ្វើការ ជាបណ្ដាញជាមួយអភិបាលក្រុងផ្សេងៗ ដែលប្រើប្រាស់ភាសាបារាំង ហើយនៅទីនេះ គឺយើងធ្វើការជ្រើសរើសប្រធានបទ ដែលជួយការងរដល់សមាជិក ក្នុងការរៀបចំប្រព័ន្ធលូ និងទីធ្លាសាធារណៈ ដោយមានបញ្ហារួមគ្នា ដូចគ្នា នៅក្នុងបណ្ដាញទីក្រុងដែលជាសមាជិក៕

To Top