ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច-CCJA) និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន (ICS) នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ បានចុះអនុស្សារណៈយោគយល់គ្នា បង្កើនកិច្ចផ្សព្វផ្សាយ ទំនាក់ទំនងកម្ពុជា ចិន។
តាងនាមសសកច លោក សយ សុភាព បានសំដែងនូវក្តីរីករាយ ចំពោះកិច្ចខិតខំប្រឹងរបស់ស្ថាប័នទាំង២ ក្នុងសម្រេចបាននូវលទ្ធផល ជាវិជ្ចមាន ឈានទៅរកការចុះហត្ថលេខា នៅថ្ងៃនេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានសម្តែងនូវអំណរសាទរ ចំពោះភាគីទាំងពីរ សម្រេចបាននូវការចុះហត្ថលេខា ជាមួយក្តីរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងកិច្ចផ្សព្វផ្សាយ កាន់តែធំទូលាយថែមទៀត។
អនុស្សារណៈ ដែលមានរយៈពេល ២ឆ្នាំនេះ ផ្តោតលើ៤ចំនុច សំខាន់ៗ៖
១) ផ្លាស់ប្តូរលទ្ធផលស្រាវជ្រាវ និង ព័ត៌មាន
២) សហការរៀបចំគម្រោងស្រាវជ្រាវ
៣) សហការរៀបចំសិក្ខាសាលា និង សន្និសីទ
៤) សហការរៀបចំការផ្សព្វផ្សាយ កិច្ចសម្ភាសន៍ និង បទបង្ហាញ។




