ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ សោកស្តាយចំពោះមរណភាព របស់អ្នកជំងឺម្នាក់ ខណៈក្រុមការងារ​ របស់លោកឧកញ៉ា ខិតខំដឹកយកមកមន្ទីរពេទ្យ សង្គ្រោះយ៉ាងណាក៏ដោយ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ​នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈឈឺ ទឹកនោមផ្អែម និងលើសឈាម ស្ថានភាពកំរើកមិនរួច នៅក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ថាច់ សាមន្ដ ភេទប្រុស អាយុ៥៩ឆ្នាំ អតីតជានាយរងប៉ុស្តិ៍នគរបាល​ កោះរ៉ុងសន្លឹម បច្ចុប្បន្ន ជាអនុភូមិកោះរ៉ុងសន្លឹម រស់នៅភូមិកោះរ៉ុងសន្លឹម (សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសរងគ្រោះ ត្រូវបានលោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ​​ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា បានឲ្យដឹងបន្តទៀតថា នៅពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានព្យាយាម ជួយសង្គ្រោះដែរ ប៉ុន្តែគួរឲ្យសោកស្តាយ ដោយស្ថានភាពធ្ងន់ធ្ងរពេក បុរសរងគ្រោះ ក៏ទទួលមរណភាព។

ក្រុមគ្រូពេទ្យ បានប្រឹងប្រែងអស់ពីលទ្ធភាពហើយ នៅមិនអាចជួយជីវិត ជនរងគ្រោះបានឡើយ លោកឧកញ៉ា ទៀ វិចិត្រ ក៏សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំដល់គ្រួសារនៃសពផងដែរ៕

To Top