ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត បំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ

ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត លើកឡើងថា ការជួបជុំថ្ងៃនេះ គឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ ជាមួយអ៊ំពូមីងអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព ព្រមជាមួយនឹងការចូលរួមអបអរសាទរចំពោះការទទួលបាន នូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង, គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន។

លោក បណ្ឌិត ក៏សូមគោរពថ្លែងអំណរគុណ និងសម្តែងនូវកតញ្ញូតាធម៌ចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់អតីតយុទ្ធជន, យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី, ថវិកា, និងសម្ភារ រួមទាំងការដោះស្រាយរាល់ការលំបាកផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ ដែលបានចាប់ផ្តើមចេញពីចំណុចសូន្យរហូតទទួលបានសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍ ដូចពេលបច្ចុប្បន្ន។

លោក រំលេចថា ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវមហាទុក្ខវេទនា សោកនាដកម្ម ការនិរាសព្រាត់ប្រាស់គ្រួសារ ដោយសាររបបដ៏សាហាវយង់ឃ្នងនៃរបបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ទាំងអស់នេះ គឺបានកើតឡើងដោយសារសង្គ្រាមបែកបាក់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដូចដែលអ៊ំពូមីងអតីតយុទ្ធជនផ្ទាល់ជាសាក្សីរស់, ជាជនរងគ្រោះផ្ទាល់ និងតំណាងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅ។ ប៉ុន្តែថ្ងៃនេះ ២០ ឧសភា ២០២២ គឺជាអនុស្សាវរីយ៍ប្រកបដោយការចងចាំខុសផ្ទុយស្រឡះពីអតីតកាល ដោយប្រែមកជាថ្ងៃប្រកបដោយសប្បាយរីករាយជាមួយនឹងការចងចាំទុកនូវអនុស្សាវរីយ៍នៃការទទួលបានផ្ទះសម្បែងជាជម្រកដ៏សុខសាន្ត និងពោរពេញដោយស្នាមញញឹម។ ប្រជាជនកម្ពុជាទាំងអស់ ពិតជាឆ្អែតធុញទ្រាន់នឹងសង្គ្រាម និងជម្លោះបែកបាក់ ដូច្នេះសូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសុខសន្តិភាពដែលកំពុងមាន ហើយប្តេជ្ញាការពារសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ។

លោក ម៉ាណែត បន្តថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ ២ យ៉ាង៖ ទី១. ជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម និងទី២. ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។ ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ ២ សំខាន់ គឺជីវភាព និងកិត្តិយស។ ជីវភាព គឺរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម, សេវាសុខាភិបាល, ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។ កិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង៕

To Top