ព័ត៌មានជាតិ

សម្តេច សាយ ឈុំឱ្យមន្ត្រីគណបក្សប្រជាជន បំពេញការងារ កាន់តែប្រសើរថែមទៀត

ភ្នំពេញ៖ សម្ដេចសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា  និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់មន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បានបំពេញការងារបានយ៉ាងល្អប្រសើរ តែត្រូវតែធ្វើឲ្យកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ជាមួយនិងការបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋលឿន និងទាន់ចិត្ត។

ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នាថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចវិបុលសេនាភក្តី បានកោតសរសើរ ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្ម ដែលបានរួមគ្នា ក្នុងការកសាងអគាររដ្ឋបាលថ្មីដ៏ធំសម្បើម ក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់ស្ពានថ្មខាងលើនេះ ដែលស្នាក់ការនេះ ស័ក្កសមនិងកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ។

សម្ដេច សាយ ឈុំ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជា បានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ 

សម្ដេចបានបន្តទៀតថា ២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍខ្លាំងណាស់ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងស្រុក និងនៅក្រៅស្រុក ពួកគាត់សុទ្ធតែនឹកស្មានមិនដល់ ថាកម្ពុជាយើងបានដើរមកដល់ ចំណុដូចសព្វថ្ងៃនេះឡើយ។ ប្រជាពលរដ្ឋធ្វើស្រែ ចំការ បានធ្វើទំនើបកម្មលើមុខរបររបស់ខ្លួន ទាំងមិនដឹងខ្លួនឬត្រៀមទុកជាមុន ពោលគឺកម្លាំងពលកម្ម នៃការធ្វើស្រែចំការនេះ លេងប្រើគោ ក្របីដូចមុនទៀតហើយ ដោយបែរមកប្រើគ្រឿងចក្រ និងបច្ចេកវិទ្យាជំនួសវិញ។

សម្ដេចវិបុលសេនាភក្តី បានបញ្ជាក់ថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងបានបំពេញការងារល្អប្រសើរហើយ តែសម្រាប់ទិសដៅទៅមុខ យើងត្រូវតែធ្វើឲ្យកាន់តែល្អថែមទៀត ។ បន្តការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ។បន្តការផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ចិត្ត ។ 

តាមការឲ្យដឹង ពីលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ឲ្យដឹងថា កាលដើមឡើយ ទីស្នាក់ការនេះ មានអគាររដ្ឋបាលតូច ចង្អៀត ទំហំត្រឹម៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ប៉ុណ្ណោះ ។ ដោយពិបាកបំពេញការងារ ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បានផ្តួចផ្ដើមកសាងអគាររដ្ឋបាលថ្មី ក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់នេះឡើងវិញ។ អគាររដ្ឋបាលថ្មីនេះ មានទំហំ ១៤,៣៥ម៉ែត្រ គុណនឹង ៣៦ម៉ែត្រ និងមានកម្ពស់ ២ ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៥៣.៧៧៨ (ម្ភៃប្រាំម៉ឺន បីពាន់ប្រាំពីរយចិតសិបប្រាំបួនដុល្លាអាមេរិក) និងបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ៕

To Top