ភ្នំពេញ៖ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីចំនួន៣ នាថ្ងៃតែមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
កម្មវិធីទាំង៣នោះរួមមាន៖
ទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត
ទី២-ទស្សនាពិព័រណ៍សមិទ្ធផល
ទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ នេះបើយោងតាម ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអោយដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា។
ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ ហើយជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការ ដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ សមិទ្ធផលទាំងនេះ ក៏ជាការចូលរួមចំណែកអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងចិន “ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ឆ្នាំ នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ”។
ទាក់ទងនឹងការ អបអរសាទរក្នុងការដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត របស់ក្រុមហ៊ុន ជេនរ៉ល ថាយអ៊ឺរ ថកណឡជី (ខេមបូឌា) ដែលមានលោក គូ ឆ្លើយ ជាម្ចាស់ក្រុមហ៊ុន និងលោក ថាវ គូចុង ជានាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ។
ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។ រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១,៣លានសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១ ១៥០នាក់។ តាមរយៈការវិនិយោគរបស់រោងចក្រផលិតសំបកកង់នាពេលនេះ សង្ឃឹមជឿជាក់ថា នឹងមានក្រុមហ៊ុន ផ្សេងៗទៀតនឹងបន្តមកវិនិយោគក្នុងវិស័យនេះបន្តទៀត។
លោក អ៉ិត សំហេង បានអោយដឹងទៀតថា តាមរយៈជំនួយឥតសំណងដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ដើម្បីបណ្តុះបណ្តាលកម្មករជំនាញ និងអ្នកគ្រប់គ្រង សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏ដូចជាសហគ្រាសនៅទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានតាំងបង្ហាញក្នុងពិព័ណ៌ខួបលើកទី១០ឆ្នាំ នៃ គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ-ផ្លូវមួយ” ដែលឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្ដែង នៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន៕