នយោបាយ

ករណីលោក កឹម សុខា ! សម្ដេចតេជោ អះអាងថា មកពីការមិនទុកចិត្តជនបរទេស ដែលនៅពីក្រោយ ទើបគ្មានការលើកលែងទោស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ការដែលមិនស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យលោក កឹម សុខា គឺបណ្ដាលមកពីការមិនទុកចិត្តជនបរទេស ដែលធ្វើការរបៀប ចាប់ដៃជាន់ជើង ទៅជួបជនជាប់ចោទ (កឹម សុខា) ទាំងដែលខ្លួនកំពុងធ្វើការជាមួយ រាជរដ្ឋាភិបាលស្របច្បាប់ ។

គួររំលេចថា តាមការសង្កេត គេឃើញមានបណ្ដាឯកអគ្គរដ្ឋទូត (ក្រុមឥណ្ឌូប៉ាស៊ីហ្វិក) ដឹកនាំដោយ សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី កាដាណា អឺរ៉ុប…ដែលតែងតែជួបលោក កឹម សុខា ទាំងដែលតុលាការ កំពុងដំណើរការក្ដី ជុំវិញករណី «ក្បត់ជាតិ”។

ថ្លែងចេញពីទឹកដីនៃខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើចង់ឲ្យលើកលែងទោស សាលក្រមសាលាដំបូង ចេញទៅជាធរមាន នាយករដ្ឋមន្រ្តី ធ្វើលិខិតទៅព្រះមហាក្សត្រ ស្នើសុំលើកលែងទោស តែខ្ញុំមិនទុកចិត្តជន បរទេសទាំងឡាយដែលប្រមាថខ្ញុំ ប្រមាថអធិបតេយ្យខ្ញុំ មកធ្វើការជាមួយខ្ញុំហើយ ទៅធ្វើការជាមួយអ្នកដ៏ទៃ (កឹម សុខា)។

ជុំវិញករណីនេះ សម្ដេចតេជោបានផ្ដាំទៅបណ្ដាទូតទាំងនោះ គួរយល់ពីច្បាប់នៃនយោបាយការបរទេស។

សម្ដេចតេជោបញ្ជាក់បន្ថែមថា «បើសិនជាសាលក្រមហ្នឹង… បើសិនជា ហ៊ុន សែន ចង់ធ្វើ ហ៊ុន សែន អាចធ្វើបាន តែហ៊ុន សែន មិនទុកចិត្តអ្នកឯង»។

សូមរំលឹកថា លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានចៅក្រម ជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំពីបទ «ក្បត់ ជាតិ»កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីរាត្រីថ្ងៃទី២ ខែកញ្ញា ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកក្នុងទឹកដីខណ្ឌទួលគោក និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ បន្ទាប់មកត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top