ព័ត៌មានជាតិ

សហគ្រិន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្លាំងចលករដ៏សំខាន់ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថា សហគ្រិននិងកម្មករ សេដ្ឋកិច្ចក្រៅប្រព័ន្ធជាកម្លាំង ចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជារួមចំណែក ក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គមនិងការកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅកម្ពុជា កាលពីពេលថ្មីៗ នៅទីស្តីការក្រសួង លោក អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជានិច្ចក្នុង ការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការសម្របសម្រួល ដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ី របស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការផ្តល់នូវកិច្ចគាំពារនានា ដូចជា ការផ្តល់ប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញ តាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឲ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ស្ត្រីនៅពេលសម្រាលកូនផងដែរ។

លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញក្រសួង ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលទទួលបន្ទុកផ្នែក សេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ សមាជិកសមាគម ស.ស.ក ទាំងអស់ រួមគ្នាសម្រេចឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះសហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះត្រូវលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរ ការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ ។

លោកបានលើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជា ការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឲ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន ។ ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់។ជួយសម្រួលដល់បរិយាកាស នៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងលើកទឹកចិត្ត ចូលរួមសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរ គុណ ដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ ផ្នែកសេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំ ក្នុងការចូលរួមអនុវត្ត នូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាព កាន់តែធូធារ មានមុខរបរ និងការងារប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ កាន់តែប្រសើរ ហើយទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរនិង ការងារកំពុងធ្វើ ៕

To Top