ព័ត៌មានជាតិ

សម្ដេចតេជោ៖ ជនណាក៏ដោយ ឲ្យតែមានទំនាក់ទំនង ជាមួយជនក្បត់ជាតិ ៣ជំនាន់មិនអាចទទួល បានការយោគយល់ពី ហ៊ុន សែន

ភ្នំពេញ៖ ជាមួយនឹងការប្រកាសមិនទទួលយកការសុំទោស របស់ លោក ជា ប៉ូច នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ជនណាក៏ដោយ ឲ្យតែមានទំនាក់ទំនង ជាមួយជនក្បត់ជាតិ៣ជំនាន់ (សម រង្ស៊ី) មិនអាចទទួល បានការយោគយល់ពី ហ៊ុន សែន នោះឡើយ។

តាមរយៈឆាណែលតេលេក្រាម នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ខ្ញុំ ការសុំទោសត្រឹមប៉ុណ្ណេះរបស់ ជា ប៉ូច មិនគ្រប់គ្រាន់ទេ ព្រោះជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំ ក៍ដូចជាមន្ត្រីផ្សេងទៀតបាន ថ្នាក់ថ្នម ជា ប៉ូច រយៈពេលជាង៤ឆ្នាំ តែទីបំផុត ខ្ញុំបានក្លាយជាគោលដៅ នៃការកំចាត់ចោល (ទម្លាក់) របស់ ជា ប៉ូច តាមការ ចង់បានរបស់អាក្បត់ជាតិ៣ជំនាន់ ទៅវិញ»។

សម្ដេចគូសបញ្ជាក់ថា «គិតខ្លួនឯងទៅ ប៉ូច ព្រោះខ្ញុំមិនអាចទុក មនុស្សដូចប៉ូច ឲ្យបំផ្លាញខ្ញុំ តាមបញ្ជាអាក្បត់ជាតិ៣ជំនាន់ បាននោះឡើយ»។

សម្ដេចបន្ថែមថា «ត្រូវចងចាំថា មនុស្សណា ក៍ដោយឲ្យតែមានទំនាក់ទំនង ជាមួយអាក្បត់ជាតិ៣ជំនាន់ មិនអាចទទួលបានការយោគយល់ពី ហ៊ុន សែន នោះឡើយ ព្រោះអាមួយនេះ វាអាក្រក់ពេកជ្រុលនិយមពេក។ មនុស្សណាក៍ដោយ ឲ្យតែប្រកាសផ្តាច់ខ្លួន ចេញពីអាក្បត់ជាតិនេះ នឹងទទួលបាននូវការលើកលែ ងឬយោគយល់»៕

To Top