ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកសរសេរសារមកកាន់ សម្ដេច កុំសរសេរវែងពេក ព្រោះសម្ដេចអត់មានពេលស្ដាប់ និងអានទេ ដោយសារមានការងារច្រើន ។
ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាថ្ងៃ២៤ ឧសភា សម្ដេចតេជោ បានថ្លែងថា «បើធ្វើសារមកខ្ញុំ សូមកុំធ្វើវែង ខ្ញុំអត់មានពេលស្ដាប់ទេ ព្រោះខ្ញុំ មានការងាររបស់ខ្ញុំ ។ បើវៃវែងទៀត (សរសេរ) គឺអត់មើលទេ កូនៗ ក្មួយៗ អ្នកដែលចង់វៃសួរសុខទុក្ខ និងកោតសរសើរស្អីៗ សូមវៃ ពីរ ឬបី បន្ទាត់បានហើយ»។
នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ក្នុងតួនាទីជា នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែបើកទូលាយចំពោះការផ្ដល់ និងទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសាធារណៈជន តាមរយៈបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ដូចជាបណ្ដាញហ្វេសប៊ុក និងតេឡេក្រាមជាដើម។
ប៉ុន្តែបើមានផ្ញើសារមកនូវព័ត៌មានមិនល្អ សម្ដេចតេជោ ក៏បានប្រកាសលុប និងបិទចោលទាំងអស់ ។ ដោយសម្តេចថា បុគ្គលមួយចំនួន បានភ្ជាប់បណ្ដាញតេឡេក្រាម មកសម្ដេចផ្ទាល់ ប៉ុន្ដែតែងតែផ្ញើសារ និងផ្ដល់ព័ត៌មានមិនល្អផ្សេងៗមកកាន់សម្ដេច ដែលករណីនេះជាការរំខាន និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ពេលវេលាការធ្វើកិច្ចការងារផ្ទាល់ របស់សម្ដេច គឺលុបចោលហើយ៕