ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៨ អាណត្តិទី១ របស់ខ្លួន ។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើ ២ របៀបវារៈ រួមមាន៖ (១). សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការដាក់ឱ្យអនុវត្ត គម្រោងសាកល្បងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ (២). សេចក្ដីព្រាងប្រកាស ស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ច។
ថ្លែងទៅកាន់អង្គប្រជុំនាព្រឹកនេះ លោកបណ្ឌិត អ៊ិត សំហេង បានលើកសំណើដាក់ជូន សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ត្រូវពិនិត្យ និងពិភាក្សា ដោយការយកចិត្តទុកដាក់ខ្ពស់ លើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីការដាក់ឱ្យអនុវត្ត គម្រោងសាកល្បង របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ខាងលើ ដើម្បីឱ្យសេចក្ដីសម្រេចនេះ អនុវត្តទៅមានប្រសិទ្ធភាព តម្លាភាព និង ការផ្តល់សេវា របស់បេឡាជាតិសន្តិសុខសង្គម ត្រឹមត្រូវ និងច្បាស់លាស់ ប្រកបដោយចីរភាព ស្របតាមច្បាប់ស្ដីពី របបសន្តិសុខសង្គម។
បន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានប្រជុំពិនិត្យ និងពិភាក្សា យ៉ាងផុសផុលប្រកបដោយ ការយកចិត្តទុកដាក់បំផុត លើអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងបានកែសម្រួល នូវឃ្លោងឃ្លាពាក្យពេចន៍ លើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលមាន ៦ជំពូក ១៧ប្រការ និងប្រកាសបានមួយចំនួន ដោយឡែកចំពោះចំណុច ដែលនៅសេសសល់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. នឹងបន្តក្នុងកិច្ចប្រជុំពិភាក្សា នាពេលក្រោយតាមការគ្រោងទុក។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាលចំនួន១០រូប ៕