ព័ត៌មានជាតិ

សម្ដេច ស ខេង សង្ឃឹមថា យូនីសេហ្វ នឹងបន្ដគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ដោយផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយនឹងគោលនយោបាយ។

នាឱកាសអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ បានចូលរួមគាំទ្រតាមរយៈជំនួយ និងកម្មវិធីផ្សេងៗជាមួយនឹងក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេច មានការជឿជាក់ថាអង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារនេះបន្ដទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្ដ្រ នៃការរៀបចំរដ្ឋបាលរបស់កម្ពុជា។

ជាការឆ្លើយតប លោក នាយកអង្គការយូនីសេហ្វ បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ទទួលយកសំណូមពររបស់ រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ក្នុងការបន្ដជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ដ្រី និងការគាំពារដល់កុមារ នៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top