ព័ត៌មានជាតិ

សម្តេចតេជោអះអាថា ការចុះជួបកម្មករ ក៏ដើម្បីចំណេញនយោបាយផងដែរ សូមប្រាប់ផង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៅក្រុមប្រឆាំងដែលតែងតែរិះគន់រាល់ការចុះជួបកម្មករនៅតាមបណ្តារោងចក្ររបស់សម្តេច យកចំណេញនយោបាយ ដោយថា ពិតជាមិនខុសនោះទេ ព្រោះការជួបនេះ ក៏ជាផ្នែកមួយដើម្បីចំណេញនយោបាយផងដែរ កុំល្ងង់ពេក សូមប្រាប់ទៅវិញផង។

ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំងបាននាំគ្នារិះគន់សម្តេចថា ចុះជួបកម្មករដើម្បីចំណេញនយោបាយប៉ុណ្ណោះ ខណៈការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណតិ្តទី៧ នៃរដ្ឋសភា ចូលមកដល់នាថ្ងៃ២៣ កក្កដា ។ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះ សម្តេចបានអំពាវនាវឲ្យកម្មករទាំងអស់ ចូលបោះឆ្នោតគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នាព្រឹក២៦ ឧសភា សម្តេចតេជោបញ្ជាក់ថា «ច្បាស់ណាស់មានអ្នកខ្លះថា លោក ហ៊ុន សែន ចុះមកនេះ(ជួបកម្មករ)ដើម្បីយកចំណេញខាងនយោបាយ…សូមផ្តាំត្រឡប់ទៅវិញទៅអាល្ងង់ បើគេធ្វើដើម្បីខាតគេមិនធ្វើនោះទេ ! កុំល្ងង់ពេក»។

សម្តេចតេជោបន្តថា ក្រុមអ្នកប្រឆាំង ឬក្រុមណាមួយធ្វើ ក៏ដើម្បីចំណេញនយោបាយដែរ “ប៉ុន្តែអ្វីដែលខ្ញុំកំពុងនេះដើម្បីកូនៗ ចៅៗ ដើម្បីក្រុមគ្រួសារ អ្នកទាំងឡាយដែលសព្វថ្ងៃកំពុងតែពឹងផ្អែកអ្នកនៅទីនេះ”។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានប្រើសំដីធ្ងន់ៗ ទៅកាន់ក្រុមអ្នករិះគន់យ៉ាងដូច្នេះថា «សូម្បីតែធ្វើស៊ីហ្គេមក៏ដើម្បីចំណេញនយោបាយដែរ ដូច្នេះសូមប្រាប់ទៅអាល្ងង់ មីល្ងង់ថា បើធ្វើសម្រាប់ខាតគេមិនធ្វើទេកុំល្ងង់ពេក! និយាយឲ្យអសុរោះតិចចុះ ដើម្បីឲ្យវាឈឺតិចទៅ»។

សម្តេចតេជោបន្ថែមថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំទប់ស្កាត់អតិផរណា រក្សាកំលាំងទិញនូវអ្វីដែលកម្មករទទួលបាន។ បើសិនបណ្តោយឲ្យមានអតិផរណា ហើយកម្មករទទួលបានប្រាក់បៀវត្សជាប្រាក់រៀលក្នុងពេលប្រាក់រៀលបាត់តម្លៃនោះ កំលាំងទិញក៏ខ្សោយដែរ។

សម្តេចតេជោ ក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងការងារ ធ្វើរបាយការណ៍ចំពោះការចុះជួបកម្មករលើកទី១ បានអ្វី ហើយក្រោយចុះបានអ្វីខ្លះ ដើម្បីប្រៀបធៀបពីវឌ្ឍនភាពដែលសម្រេចបាន ។

សម្តេចបញ្ជាក់ថា «ហ៊ុន សែន ចុះមកមិនមែនដូចមកជិះសេះមើលផ្កានោះទេ គឺចង់ដឹងពីសុខទុក្ខកម្មករ និងរបៀបដំណោះស្រាយឲ្យកម្មករ ព្រោះជាបញ្ហាសេដ្ឋកិច្ចជាតិ បញ្ហាការងារធ្វើរបស់ប្រជាពលរដ្ឋ ជាប្រាក់ចំណូលរបស់ពលរដ្ឋដែលយើងត្រូវរកវិធីដោះស្រាយ»៕

To Top